(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ មនុស្សចំនួន១១នាក់បានបាត់បង់ជីវិត និង០៥នាក់ទៀតត្រូវបានជួយសង្រ្គោះនៅក្នុងគ្រោះអគ្គីភ័យដ៏សន្ធោសន្ធៅមួយនៅឯមជ្ឈមណ្ឌលមួយកន្លែង ដែលគាំទ្រនិងមើលថែទាំជនចាស់ជរាគ្មានទីពឹង ដែលទទួលបានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាល ក្នុងភាគខាងជើងប្រទេសជប៉ុន កាលពីយប់ថ្ងៃពុធ៕
២៖ មីស៊ីលអាមេរិក SM-3 បាញ់ចេញពីការសាកល្បង នៃប្រព័ន្ធស្ទាក់ចាប់មីស៊ីល Aegis នៅឯឆ្នេរហាវ៉ៃបានបរាជ័យ ក្នុងការស្ទាប់ចាប់មីស៊ីល ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ការខូចខាតនោះទេ៕
៣៖ រថភ្លើងឯកជនមួយខ្សែ ដែលដឹកក្រុមសមាជិកសភា នៃបក្សសាធារណរដ្ឋ បានបុកជាមួយរថយន្តដឹកសំរាមមួយគ្រឿង នៅរដ្ឋ វ៉ឺជីនៀ (Virginia) នាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បណ្តាលឲ្យមនុស្សយ៉ាងតិចម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់៕
៤៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសពីគម្រោងមហិច្ឆតាដ៏ធំមួយ ដែលនឹងដាក់គោលដៅឲ្យប្រទេសចិន ប្រែក្លាយខ្លួនជាអ្នកដឹកនាំពិភពលោក នៅក្នុងផ្នែកវិទ្យាសាស្រ្ត និងនវានុវត្តន៍ (ភាពច្នៃប្រឌិត) នៅក្នុងរយៈពេល ៣០ទៀត៕
៥៖ ក្រុមហ៊ុនផលិតយន្ដហោះ ឈានមុខគេរបស់សហរដ្ឋអាមេរិក ប៊ូអ៊ីង (Boeing) បានឱ្យដឹងថា ក្រុមអាកាសចរណ៍ អូម៉ង់ បានទទួលយកយន្ដហោះប៊ូអ៊ីង 737 MAX 8 លើកដំបូងរបស់ខ្លួន មួយក្នុងចំណោមយន្ដហោះ ៣០គ្រឿង ដែលនឹងត្រូវបាន ប្រតិបត្តិការដោយប្រទេសអាស៊ីខាងលិចមួយនេះ៕
៦៖ រដ្ឋាភិបាលតៃវ៉ាន់បានកត់សម្គាល់ថា ជម្លោះជាមួយទីក្រុងប៉េកាំង ជុំវិញការបើកផ្លូវហោះហើរថ្មីមួយនៅក្បែរ កោះតៃវ៉ាន់ នឹងកំណត់ពីជោគវាសនានៃទំនាក់ទំនងរវាងចិន និងទីក្រុងតៃប៉ិ ខណៈក្រុមហ៊ុនអាកាសចរណ៍ចិនបាន លុបចោលជើងហោះហើរច្រើនជាង ២០០ ទៅនិងមកកោះតៃវ៉ាន់មុនថ្ងៃចូលឆ្នាំចិន៕