(អ៊ីស្ដង់ប៊ូល)៖ យោធាតួកគីនៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថា យន្ដហោះយោធារបស់ខ្លួនបានបើកការវាយប្រហារ លើគោលដៅចំនួន ១៩ទីតាំង របស់គណបក្សពលករឃើដ (PKK) ដោយផ្ដាច់ជីវិតពួកសកម្មប្រយុទ្ធមួយនេះ ៤៩នាក់ នៅឯភាគខាងជើងប្រទេសអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមយោធាតួកគី ការវាយប្រហារតាមផ្លូវអាកាសចំនួនពីរលើក ត្រូវបានធ្វើឡើង កាលពីថ្ងៃចន្ទ នៅតំបន់ Asos/Qandil, Zap, Avasin/Basyan និងតំបន់ Hakurk។ យោធាតួកគីបន្ថែមទៀតថា ការវាយប្រហារនេះបានបំផ្លាញ ជំរកហ្វឹកហាត់ កន្លែងលាក់ខ្លួន និងឃ្លាំងអាវុធជាច្រើនរបស់ពួកសកម្មប្រយុទ្ធ ដែលទីក្រុងអង់ការ៉ាជឿជាក់ថា កំពុងរៀបចំការវាយប្រហារ លើប៉ុស្តិ៍ត្រួតពិនិត្យតួកគីជាប់ព្រំដែនអ៊ីរ៉ាក់។
គួរបញ្ជាក់ថា គណបក្សពលករឃើដ PKK បានធ្វើសកម្មភាពឧទ្ទាមនៅភាគអាគ្នេយ៍ប្រទេសតួកគី ចាប់តាំងពីឆ្នាំ១៩៨០ មកម្ល៉េះ។ ដូច្នេះហើយទើបទីក្រុងអង់ការ៉ា រួមទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបចាត់ទុកក្រុមមួយនេះថា ជាអង្គការភេរវករ ខណៈមនុស្សច្រើនជាង ៤០,០០០នាក់ ត្រូវបានសម្លាប់ចាប់ពីជម្លោះផ្ទុះឡើងខ្លាំង នៅអំឡុងទសវត្សរ៍ឆ្នាំ៨០ មក៕