(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុនផលិតយន្ដហោះ ឈានមុខគេរបស់សហរដ្ឋអាមេរិក ប៊ូអ៊ីង (Boeing) បានឱ្យដឹងថា ក្រុមអាកាសចរណ៍ អូម៉ង់ បានទទួលយកយន្ដហោះប៊ូអ៊ីង 737 MAX 8 លើកដំបូងរបស់ខ្លួន មួយក្នុងចំណោមយន្ដហោះ ៣០គ្រឿង ដែលនឹងត្រូវបាន ប្រតិបត្តិការដោយប្រទេសអាស៊ីខាងលិចមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមប៊ូអ៊ីង យន្ដហោះធុន 737 MAX គឺជាប្រភេទយន្ដហោះលក់ដាច់លឿនជាងគេ ក្នុងប្រវត្តិសាស្ត្រក្រុមហ៊ុន ជាមួយការ បញ្ជាទិញច្រើនជាង ៤,៣០០គ្រឿង រហូតមកទល់បច្ចុប្បន្ន ពីអតិថិជនចំនួន ៩២ ប្រទេសនៅទូទាំងពិភពលោក។
នៅក្នុងតំបន់មជ្ឈិមបូព៌ា យន្ដហោះប្រភេទនេះកំពុងស្ថិតនៅក្រោមការបញ្ជាទិញចំនួន ៣០០គ្រឿង ពីក្រុមហ៊ុនអាកាសចរណ៍ចំនួន ០៤។ បន្ថែមពីលើនេះក្រុមហ៊ុនផលិតយន្ដហោះអាមេរិកមួយនេះ ក៏បានបញ្ជាក់ដែរថា យន្ដហោះ 737 MAX 8 ត្រូវប្រគល់ឱ្យអូម៉ង់ ដែលបានបញ្ជាទិញចំនួន ២០គ្រឿង កាលពីឆ្នាំ២០១៥ មានកៅអីអង្គុយ ១៦២ និងមានពីរប្រភេទក្នុងនោះ ១២កៅអី សម្រាប់ពាណិជ្ជកម្ម និង ១៥០កៅអី សម្រាប់សេដ្ឋកិច្ច។
គួរបញ្ជាក់ថា ក្រុមហ៊ុនប៊ូអ៊ីងបានលក់យន្ដហោះរបស់ចំនួន ៧៦៣គ្រឿង ដល់អតិថិជននៅទូទាំងពិភពលោកក្នុង ឆ្នាំ២០១៧ ដោយរកប្រាក់បាន ៩៣.៤ពាន់លានដុល្លារ នៃប្រាក់ចំណូលពេញមួយឆ្នាំ២០១៧៕