(វ៉ាស៊ីនតោន)៖ រថភ្លើងឯកជនមួយខ្សែ ដែលដឹកក្រុមសមាជិកសភា នៃបក្សសាធារណរដ្ឋ បានបុកជាមួយរថយន្តដឹកសំរាមមួយគ្រឿង នៅរដ្ឋ វ៉ឺជីនៀ (Virginia) នាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បណ្តាលឲ្យមនុស្សយ៉ាងតិចម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន NBC News នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៨។
អ្នកនាំពាក្យសេតវិមាន លោកស្រី សារាហ៍ សេនដឺស (Sarah Hackabee Sanders) បានបញ្ជាក់ថា ពិតជាមានមនុស្សបាត់បង់ជីវិត និងរបួសធ្ងន់ធ្ងរមែន ប៉ុន្តែពុំមានមន្រ្តីសមាជិកសភាណាម្នាក់ ឬក៏បុគ្គិលរបស់ពួកគេ បានទទួលរងរបួសនោះឡើយ។ ដោយឡែក អាជ្ញាធរមិនទាន់បានបញ្ចេញអត្តសញ្ញាណជនរងគ្រោះភ្លាមៗនោះទេ ប៉ុន្តែក្រោយពេលកើតហេតុ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ្នកបើកបររថយន្តជួបឧបទ្ទវហេតុ គឺជាអ្នកដែលបានបាត់បង់ជីវិត។
គួរជម្រាបថា នៅពេលហេតុការណ៍ប៉ះទង្គិចគ្នាបានកើតឡើង គឺរថភ្លើងខាងលើ កំពុងដឹកមន្រ្តីព្រឹទ្ធសភា និងសមាជិកសភា នៃបក្សសាធារណរដ្ឋរបស់អាមេរិក ទៅកាន់ទីតាំងសម្រាកលំហែកាយមួយកន្លែង ដែលស្ថិតក្នុងរដ្ឋ West Virginia។ ជាមួយគ្នានេះ អ្នកនាំពាក្យម្នាក់នៃអង្គការ Congressional Institute ដែលឧបត្ថម្ភកន្លែងសម្រាកលំហែកាយនេះ បានឲ្យដឹងថា អ្នកដែលបានស្លាប់ ហើយនិងជនដែលរងរបួសធ្ងន់នោះ គឺទាំងពីរនេះបានស្ថិតក្នុងរថយន្ត នៅពេលគ្រោះថ្នាក់កើតឡើង៕