(តៃប៉ិ)៖ រដ្ឋាភិបាលតៃវ៉ាន់​បាន​កត់សម្គាល់ថា ជម្លោះជាមួយទីក្រុង​ប៉េកាំង ជុំវិញការ​បើកផ្លូវហោះហើរ​ថ្មីមួយនៅក្បែរ កោះតៃវ៉ាន់ នឹងកំណត់ពីជោគវាសនា​នៃទំនាក់ទំនង​រវាងចិន និងទីក្រុង​តៃប៉ិ ខណៈក្រុមហ៊ុន​អាកាសចរណ៍​ចិនបាន លុបចោលជើងហោះ​ហើរច្រើនជាង ២០០ ទៅនិងមកកោះ​តៃវ៉ាន់​មុនថ្ងៃចូល​ឆ្នាំចិន។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៨។

ថ្លែងសេចក្ដីថ្លែងការណ៍​របស់ខ្លួនកាលពី​ថ្ងៃពុធ ក្រុមប្រឹក្សាតៃវ៉ាន់​សម្រាប់គោលនយោបាយ​ចិនដីគោក បានលើកឡើង ដូច្នេះថា «ប្រជាជនតៃវ៉ាន់​កំពុងសម្លឹងមើល​យ៉ាងយកចិត្តទុក​ដាក់... ដូច្នេះបើសិនជម្លោះ​បច្ចុប្បន្ន អាចត្រូវបានដោះស្រាយ​នោះវាក្លាយជាការ​ចង្អុលបង្ហាញ​ដ៏សំខាន់​មួយ ពីរបៀបដែល​ប្រជាជនតៃវ៉ាន់​យល់ឃើញ​ ចំពោះអនាគត​នៃទំនាក់ទំនង រវាងភាគី​ទាំងពីរ។ តែយ៉ាងណា​ក៏ដោយ យើងនៅ​តែអំពាវនាវ​ជាថ្មីម្ដងទៀត ឱ្យចិនយកចិត្តទុកដាក់​លើសន្តិភាព និង ស្ថេរភាពនៃ​ទំនាក់ទំនងរវាង​ទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិ ក៏ដូចជា​ចាត់រាល់​វិធានការនានា​ ដើម្បីបញ្ជៀស​កុំឱ្យបញ្ហា ដដែលកើត​ឡើង​កាន់តែធំ»

គួរបញ្ជាក់ថា កាលពី​ថ្ងៃអង្គារ ក្រុមហ៊ុន China Eastern Airlines បានលុបចោល​ជើងហោះហើរ​ចំនួន ២១២ រវាង ចិនដីគោក និង​កោះតៃវ៉ាន់ ខណៈ​ក្រុមហ៊ុន Xiamen Airlines សម្រេចចិត្តលុបចោល​ជើងហោះ​ហើរចំនួន ៧០ នៃជើងហោះហើរ​បន្ថែម​របស់ខ្លួន ដោយអះអាងថា មានការបដិសេធ​ពីភាគីតៃវ៉ាន់។ ក៏ប៉ុន្តែតៃវ៉ាន់​អះអាងថា ខ្លួន មិនបានទទួល​ដំណឹង ឬការប្រឹក្សាណាមួយពីភាគីចិននោះ​ទេ ដោយថែមទាំង​ចោទដែរថា វាជា​សម្រេចចិត្ត ឯកតោភាគី​របស់ចិន៕