(វ៉ាស៊ីនតោន)៖ មីស៊ីល​អាមេរិក SM-3​ បាញ់ចេញពី​ការសាកល្បង​ នៃប្រព័ន្ធស្ទាក់​ចាប់មីស៊ីល Aegis នៅឯ​ឆ្នេរហាវ៉ៃ បានបរាជ័យក្នុង​ការស្ទាប់ចាប់​មីស៊ីល​ ប៉ុន្តែមិនមាន​សេចក្ដីរាយការណ៍ការ​ខូចខាតនោះទេ។ នេះបើតាម​ក្រុមមន្ត្រី អាមេរិក ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៨។

នៅក្នុងសេចក្ដី​ប្រកាស​ព័ត៌មាន ទីភ្នាក់ងារការពារ​មីស៊ីលអាមេរិក​បានទទួល​ស្គាល់ថា ខ្លួនបានដឹកនាំ​ការធ្វើតេស្ដ​ប្រព័ន្ធ មីស៊ីល Aegis តាមរយៈការបាញ់​មីស៊ីល​ប្រភេទ Standard Missile-3 (SM-3) Block IIA ដើម្បីស្ទាក់​ចាប់មីស៊ីល មួយទៀតដែលត្រូវ​បានចេញពី​តំបន់ Kauai នៃរដ្ឋហាវ៉ៃ​កាលពីថ្ងៃពុធ។ ប៉ុន្តែមិនបាន​បញ្ជាក់លម្អិតពីលទ្ធផល​នៃការ ធ្វើតេស្ដនេះ​នៅឡើយទេ ខណៈក្រុមមន្ត្រីអាមេរិក​ជាច្រើននាក់អះអាង​ថា ការធ្វើតេស្ដនេះ​បាន​បរាជ័យហើយ។

គួររំលឹកថា កាលពី​ខែកក្កដា កន្លងទៅ ការធ្វើតេស្ដ​មីស៊ីល SM-3 Block IIA ក៏ត្រូវបានគេរាយ​ការណ៍ថា​​ បានទទួល បរាជ័យផងដែរ​ក្នុងការស្ទាក់ចាប់​មីស៊ីលរយៈ​ចំងាយ​មធ្យម ហើយក្នុងពេលជា​មួយគ្នា​ទីភ្នាក់ងារពារមីស៊ីល​អាមេរិក បាន បន្ទោសថា វាគឺជាកំហុស​របស់មនុស្ស មិនមែនដោយសារ​គ្រាប់មីស៊ីល​នេះទេ។ ចំណែកឯ ការបាញ់​សាកល្បងមីស៊ីល ប្រភេទនេះបាន​បរាជ័យជាលើកទី ២ ដោយវាមិនអាច​បាញ់ចំ​គោលដៅ។ មីស៊ីល SM-3 Block IIA ត្រូវបានអភិវឌ្ឍន៍​ឡើង​រួមគ្នាជាមួយជប៉ុន ក្នុងគោលបំណង​ទប់នឹងការគំរាមកំហែង ពី​សំណាក់មីស៊ីលកូរ៉េខាងជើង៕