(សេអ៊ូល)៖ អនុរដ្ឋមន្ត្រីកីឡាកូរ៉េខាងជើង លោក វ៉ុន គីលអ៊ូ (Won Kil-u) រួមទាំងប្រតិភូ ៣២នាក់ ក្នុងនោះមានអត្តពលិក ១០រូប នឹងធ្វើដំណើរមកកាន់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ តាមជើងហោះហើរយន្ដហោះកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៨។
ការមកដល់នៃក្រុមប្រតិភូខាងលើ នឹងអាចជួយឱ្យកូរ៉េខាងជើងបំពេញទាំងស្រុងនូវការបញ្ជូនប្រតិភូកីឡា ៤៦នាក់ ក្នុងនោះមាន ២២នាក់ ជាអត្តពលិក ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅឯទីក្រុង PyongChang ប្រទេស កូរ៉េខាងត្បូងពីថ្ងៃទី០៩ ដល់ថ្ងៃទី២៥ខែកុម្ភៈ ខាងមុខនេះ។
ដោយឡែក ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ក៏បានបញ្ជាក់ដូច្នេះដែរថា៖ «យន្ដហោះនៃក្រុមហ៊ុន Asiana Airlines នឹងធ្វើ ដំណើរមកដល់អាកាសយានដ្ឋានក្នុងទីក្រុង យ៉ាងយ៉ាង (Yangyang) ស្ថិតនៅចំងាយ ២១៥គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុងសេអ៊ូលនៅម៉ោង ៥៖៤៥នាទីល្ងាច (ម៉ោងនៅក្នុងតំបន់)»។
គួររំលឹកថា កាលពីប៉ុន្មានថ្ងៃមុន ទីក្រុងព្យុងយ៉ាង បានសម្រេចចិត្តលុបចោលការសម្ដែងវប្បធម៌រួមគ្នា ជាមួយកូរ៉េខាងត្បូង ជាការឆ្លើយតបនឹង សារព័ត៌មានអភិរក្សនិយមកូរ៉េខាងត្បូង មួយចំនួន ដែលតែងតែចុះផ្សាយរិះគន់លើគំរោងធ្វើព្យុហយាត្រាយោធា របស់កូរ៉េខាងជើងនៅថ្ងៃទី០៨ ខែកុម្ភៈ៕
https://d1u4oo4rb13yy8.cloudfront.net/article/78216-ixgwogkofn-1515063490.JPG