(តូក្យូ)៖ មនុស្សចំនួន ១១នាក់ បានបាត់​បង់ជីវិត និង​០៥នាក់ទៀត ត្រូវបាន​ជួយសង្រ្គោះ នៅក្នុងគ្រោះអគ្គីភ័យ​ដ៏សន្ធោ​សន្ធៅ​មួយ នៅឯមជ្ឈមណ្ឌល​មួយកន្លែង ដែលគាំទ្រ និងមើលថែទាំជនចាស់ជរា​គ្មានទី​ពឹង ដែលទទួលបាន​ការឧបត្ថម្ភ​ផ្នែក​ហិរញ្ញ​វត្ថុ​ពី​រដ្ឋា​ភិ​បាល ក្នុងភាគខាងជើង​ប្រទេសជប៉ុន កាលពីយប់ថ្ងៃពុធ។ នេះបើតាមសេចក្តីរាយការណ៍​​របស់​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​ស្រុក​ជប៉ុន ដកស្រង់ដោយ​​ទីភ្នាក់​ងារ​​ព័ត៌​មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៨។

បើតាម​សារព័ត៌មាន​ជប៉ុន NHK ផ្សាយឲ្យដឹងនា​ថ្ងៃព្រហស្បតិ៍នេះថា ជនចាស់ជរាសរុប​ចំនួន ១៦ម្នាក់ បានស្នាក់​នៅក្នុងអគារធ្វើពី​ឈើ​កម្ពស់បីជាន់​ខាងលើ ដែលស្ថិតក្នុង​ទីក្រុង Sapporo នៃកោះ​ហុកកៃដូ (Hokkaido) ជាទីដែលពួកគេ​​បានបង់ប្រាក់ជួល​​​​ក្នុង​មួយ​ខែៗ​ថ្លៃ ៣៦,០០០​យេន (៣៣០ដុល្លារ)។ មនុស្ស​បីនាក់ ក្នុងចំណោមអ្នករួចរស់​ជីវិតទាំង ០៥នាក់ ដែលចំណាស់ខ្ទង់ ​៥០ និង ​៨០ប្លាយ កំពុងទទួល​សម្រាកព្យាបាល​នៅឯ​មន្ទីរពេទ្យ ប៉ុន្តែស្ថានភាព គឺពុំមានការគំរាមកំហែង​ដល់អាយុ​ជីវិតឡើយ។

គួរជម្រាបថា មជ្ឈមណ្ឌលខាងលើ គឺជាកម្មសិទ្ធិរបស់អង្គការមួយក្នុងក្រុង Sapporo ដែលជួយដល់ជនទាំងឡាយ ដែលស្ថិតក្រោម​​កម្មវីធី​ជំនួយសាធារណៈពីរដ្ឋាភិបាលជប៉ុន តាមរយៈការផ្តល់ចំណី​អាហារហូបចុក និងការជួយពួកគេទាំងនោះ ស្វែងរករបរ​ចិញ្ចឹម​ជីវិតជាដើម។ ដោយឡែក បុគ្គលិកបម្រើការ​ជាទូទៅពុំសម្រាក​នាពេលយប់ នៅឯមជ្ឈមណ្ឌល​នេះឡើយ ខណៈគ្រោះអគ្គីភ័យ​​​បានកើតឡើងនាម៉ោង ១១​៖៤០នាទី យប់ថ្ងៃពុធ​ម្សិលមិញនេះ៕