(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើទៅកាន់សភាឲ្យអនុម័តច្បាប់មួយ ដែលនឹងជួយធានាថាលុយជំនួយសម្រាប់បរទេសរបស់សហរដ្ឋអាមេរិក តែងតែបម្រើដល់ផលប្រយោជន៍អាមេរិកជានិច្ច ហើយទៅដល់ដៃតែមិត្តៗរបស់មហាអំណាចនេះប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨។
ដោយសំដៅទៅលើការបោះឆ្នោតនៅមហាសន្និបាតអង្គការសហប្រជាជាតិ (UN) កាលពីឆ្នាំទៅ ប្រឆាំងនឹងការសម្រេចចិត្តដ៏ចម្រូងចម្រាសរបស់លោក ជុំវិញស្ថានភាពទីក្រុង ហ្សេរុយសាឡឹមនោះ លោក ត្រាំ បានគូសបញ្ជាក់ថា «ប្រជាពលរដ្ឋអាមេរិកបានផ្តល់ឲ្យប្រទេសទាំងអស់នោះ នូវជំនួយជាទឹកប្រាក់រាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំតាមរយៈការ បង់ពន្ធរបស់ពួកគេ»។
កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ មហាសន្និបាត UN បានបោះឆ្នោតក្នុងសំឡេង គាំទ្រ១២៨សំឡេង ប្រឆាំង០៩សំឡេង ខណៈ៣៥ប្រទេសទៀត បានធ្វើអនុប្បវាទក្នុងការទាត់ ចោលការទទួលស្គាល់របស់សហរដ្ឋអាមេរិក ចំពោះទីក្រុងពិសិដ្ឋហ្សេរុយសាឡឹម ថាជារដ្ឋធានីរបស់អ៊ីស្រាអែល ដែលបានធ្វើឲ្យទីក្រុងវ៉ាស៊ីនតោន មានក្តីអាម៉ាសជាខ្លាំងហើយកាលនោះអគ្គរដ្ឋទូតអាមេរិកប្រចាំ UN បានព្រមានថា នឹងកត់ឈ្មោះទុកប្រទេសទាំងឡាយ ដែលជំទាស់ នឹងការសម្រេចចិត្តរបស់លោក ត្រាំ។
ការបោះឆ្នោតនេះ ធ្វើឡើងបន្ទាប់ពីសេចក្តីប្រកាសរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំមុនដែលថារូបលោកបានសម្រេចទទួលស្គាល់ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែលប៉ុណ្ណោះ ដោយមិនគិតពីចំណែករបស់ប៉ាឡេស្ទីនឡើយ ហើយនឹងធ្វើការផ្លាស់ប្តូរស្ថានទូតអាមរិកចេញទីក្រុង តែល អាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹមវិញ។
ដោយឡែកក្នុងការថ្លែងសារ State of the Union នាថ្ងៃយប់ថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅភាគខាងកើតអាមេរិក) លោក ត្រាំ ក៏បានយកឱកាសវាយប្រហារពាក្យសម្តីទៅលើ គុយបា អ៊ីរ៉ង់ វេណេស៊ុយអេឡា និងកូរ៉េខាងជើងផងដែរ ដែលប្រទេសទាំងអស់នេះ ត្រូវបានលោកចាត់ទុកថាជាគូសត្រូវរបស់ខ្លួន៕