(សេអ៊ូល)៖ កាសែតកូរ៉េខាងជើងមួយ នៅថ្ងៃពុធនេះ បាននិយាយថា ការលុបចោលការចូលរួមសម្ដែងវប្បធម៌របស់កូរ៉េខាងជើងជាមួយកូរ៉េខាងត្បូងនាពេលថ្មីៗនេះ គឺជាការព្រមានមួយចំពោះបណ្ដាសារព័ត៌មានអភិរក្សនិយមមួយចំនួននៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមិនបានប្រុងប្រយ័ត្នទាល់តែសោះក្នុងការចុះផ្សាយអត្ថបទរិះគន់លើការប្រារព្ធខួបកងទ័ពកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨។
នៅក្នុងការចុះផ្សាយរបស់ខ្លួន កាសែតគំាទ្រកូរ៉េខាងជើង Choson Sinbo មានមូលដ្ឋាននៅជប៉ុន ក៏បានព្រមានដែរថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារក្នុងទីក្រុង PyongChang អាចនឹងក្លាយជាថ្ងៃប្រឈមមុខដាក់គ្នា ហើយវានឹងមិនមែនជាព្រឹត្តិការណ៍អូឡាំពិកប្រកបដោយសន្តិភាពឡើយ បើសិនទីក្រុងសេអ៊ូលនៅតែបណ្ដោយឱ្យកាសែតអភិរក្សនិយម កូរ៉េខាងត្បូងបន្តចុះផ្សាយអត្ថបទប្រឆាំងនឹងកូរ៉េខាងជើង។
«កាសែត និងអ្នកនយោបាយអភិរក្សនិយមកូរ៉េខាងត្បូង មានចេតនារារាំងដល់ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាង កូរ៉េទាំងពីរដោយពួកគេបានរិះគន់លើគំរោងធ្វើព្យុហយាត្រយោធាកូរ៉េខាងជើង ដែលគ្រាន់តែជាព្យុហយាត្រាធម្មតា មិនមែនជាការបង្ករឿងផ្នែកយោធានោះទេ»។ នេះបើតាមការសែត Choson Sinbo។
គួរបញ្ជាក់ថា បើតាមប្រភពការទូតចំនួនពីរ ដែលស្ថានីយទូរទស្សន៍ CNN ទទួលបាន កូរ៉េខាងជើងមានគំរោងដង្ហែគ្រាប់មីស៊ីលផ្លោងរយៈចំងាយឆ្ងាយរាប់សិបគ្រាប់នាឱកាសនៃការធ្វើព្យុហយាត្រាយោធា ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៨ ខែកុម្ភៈខាងមុខនេះ ពោលគឺមួយថ្ងៃប៉ុណ្ណោះមុននឹងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ ក្នុងទីក្រុង Pyong Chang ប្រទេសកូរ៉េខាងត្បូងចូលមកដល់ ហើយមិនតែប៉ុណ្ណោះអាត្រានៃលទ្ធភាពធ្វើតេស្ដមីស៊ីលជាថ្មីក៏មានកំរិតខ្ពស់ផងដែរ៕