(ពិភពលោក)៖ នៅថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំង សកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ព្រឹត្តិការណ៍ព្រះច័ន្ទក្រហម Blueblood Moon បូករួមនឹងច័ន្ទគ្រាស បានកើតឡើងនៅព្រលប់ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨នេះ ដោយក្នុងនោះប្រទេសកម្ពុជារបស់យើង ក៏ស្ថិតនៅក្នុងតំបន់ ដែលអាចទស្សនាព្រឹត្តិការណ៍ដ៏មហាកម្រនេះបានផងដែរ៕

២៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May បានធ្វើដំណើរមកដល់ទីក្រុង Wuhan នៃខេត្ត Hubei ភាគកណ្តាលប្រទេសចិនហើយដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវ ការរបស់លោកស្រីដែលមានរយៈពេល០៣ថ្ងៃ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីចិន លោក Li Keqiang៕

៣៖ គួរអរគុណតារាវិទូក្រៅក្របខណ្ឌមួយរូបដែលជម្រុញឲ្យអង្គការ NASA អាចរកឃើញផ្កាយរណប IMAGE ដែលបានបាត់ដំណឹងទៅហើយ តាំងតែពីឆ្នាំ២០០៥ ប៉ុន្តែវាត្រូវបានគេសន្មត់ថា បានគាំងដំណើរការទាំងស្រុង ទោះបីជា NASA អាចរកឃើញវិញក៏ដោយ៕

៤៖ ក្រុមប្រឹក្សាក្រុងក្វេហ្សន (Quezon) នៅក្នុងរដ្ឋធានីម៉ានីល នៃប្រទេសហ្វីលីពីន បានចេញសេចក្តីបង្គាប់មួយ ដែលហាមមិនឲ្យប្រជាជនខ្លួន«ដើរអាក្រាតកាយពាសវាលពាស កាលនៅតាមទីកន្លែងសាធារណៈជាដាច់ខាត» មិនថាអាក្រាតតែមួយល្វែងលើ មួយល្វែងក្រោម ឬក៏អត់សម្លៀកបំពាក់បិទបាំងមួយតួខ្លួនតែម្តងនោះឡើយ៕

៥៖ គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារភាគខាងជើងរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ជាប់ព្រំដែនប្រទេស តាជីគីស្ថានបានបណ្ដាលឱ្យ ក្មេងម្នាក់ស្លាប់ និងមនុស្ស ០៩នាក់ទៀតរងរបួស នៅប្រទេសប៉ាគីស្ថាន ដែលរងឥទ្ធិពលខ្លាំងពីអាហ្វហ្គានីស្ថាននោះ៕

៦៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្សះផ្សាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក បើទោះបីជាទីក្រុងវ៉ាស៊ីនតោន បានប្រកាសពីបញ្ជីឈ្មោះមន្ត្រី និងពាណិជ្ជករ រួមទាំងក្រុមហ៊ុនរុស្ស៊ីជាច្រើន ដែលអាចនឹងជាប់ទណ្ឌកម្មថ្មី របស់អាមេរិកក៏ដោយ៕

៧៖ មនុស្សយ៉ាងតិច០៣នាក់បានបាត់បង់ជីវិត និង០២នាក់ផ្សេងទៀត បានទទួលរងរបួសនៅពេលឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ចំលំនៅឋានមួយខ្នងនាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅភាគខាងលិចអាមេរិក) ក្នុងទីក្រុង Newport Beach នៃរដ្ឋ California៕