(បរទេស)៖ ព្រឹត្តិការណ៍ព្រះច័ន្ទក្រហម Blueblood Moon បូករួមនឹងច័ន្ទគ្រាស បានកើតឡើងនៅព្រលប់ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨នេះ ដោយក្នុងនោះប្រទេសកម្ពុជារបស់យើង ក៏ស្ថិតនៅក្នុងតំបន់ ដែលអាចទស្សនាព្រឹត្តិការណ៍ដ៏មហាកម្រនេះបានផងដែរ។
* តារាងពេលវេលា (ម៉ោងនៅទីក្រុងភ្នំពេញ សម្រាប់យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨)
១៖ ម៉ោង ១៧៖៥១នាទី (ចាប់ផ្តើមព្រឹត្តិការណ៍ Blueblood Moon)
២៖ ម៉ោង ១៨៖៤៨នាទី (ចាប់ផ្តើមបាតុភូតច័ន្ទគ្រាសបន្តិចៗ)
៣៖ ម៉ោង ១៩៖៥១នាទី (ចាប់ផ្តើមបាតុភូតច័ន្ទគ្រាសពេញលេញ)
៤៖ ម៉ោង ២០៖៣០នាទី (ច័ន្ទគ្រាសពេញលេញតែម្តង)
៥៖ ម៉ោង ២១៖០៨នាទី (ច័ន្ទគ្រាសពេញលេញចាប់ផ្តើមបញ្ចប់)
៦៖ ម៉ោង ២២៖១១នាទី (ច័ន្ទគ្រាសដោយផ្នែកៗបញ្ចប់)
៧៖ ម៉ោង ២៣៖០៨នាទី (បញ្ចប់ច័ន្ទគ្រាសទាំងស្រុង)
គួរបញ្ជាក់ថា ព្រះច័ន្ទរបស់យើងនឹងក្លាយជាព្រះច័ន្ទយក្ស ដែលគេហៅថា Super Moon ពីព្រោះវានឹងស្ថិតនៅចំណុចកៀកនឹងផែនដីបំផុត នៃគន្លងរបស់វា ដែលមានន័យថា ព្រះច័ន្ទ នឹងលេចឡើងធំជាងធម្មតា ០៧ភាគរយ និងភ្លឺជាងធម្មតា ១៤ភាគរយ។ ម៉្យាងវិញទៀត នៅថ្ងៃដដែលនេះ វាក៏នឹងក្លាយជាព្រះច័ន្ទខៀវ ដែលគេហៅថា Blue Moon ផងដែរ (គ្រាន់ជាឈ្មោះប៉ុណ្ណោះ ព្រះច័ន្ទនឹងពុំលេចចេញពណ៌ខៀវឡើយ) ដោយសារវានឹងជាព្រឹត្តិការណ៍ព្រះច័ន្ទពេញវង់លើកទីពីរ នៅក្នុងខែមករានេះ បូករួមនឹងច័ន្ទគ្រាស។
មិនទាន់អស់នោះឡើយ លោកខែដែលមនុស្សយើងភាគច្រើន មើលឃើញនាថ្ងៃពុធសប្តាហ៍នេះ ក៏នឹងមានពណ៌ក្រហម ដែលគេហៅថា Blood Moon ផងដែរ ដោយសារតែព្រឹត្តិការណ៍ច័ន្ទគ្រាសដ៏កម្រមួយ ដែលនឹងជះស្រមោលក្រហមដូចលោហិត ទៅលើផ្ទៃរបស់ព្រះច័ន្ទ ហើយព្រឹត្តិការណ៍ដ៏កម្របំផុតនេះ ធ្លាប់បានកើតមានឡើងម្តងដែរកាលពីជាង ១៥០ឆ្នាំមុន នោះគឺក្នុងឆ្នាំ១៨៦៦៕