(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកត្រូវតែបង្កើនសមត្ថភាពនុយក្លេអែររបស់ខ្លួន ឱ្យកាន់តែខ្លាំងក្លា និងរឹងមាំ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់សត្រូវ ហើយព្រមពេលជាមួយគ្នា លោកក៏បានទទួលស្គាល់ដែរថា វាគឺជារឿងគួរឱ្យសោកស្ដាយដែលពិភពលោក មិនអាចបោះបង់ចោលអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨។
ថ្លែងនៅចំពោះមុខសភាអាមេរិក កាលពីថ្ងៃអង្គារ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ត្រង់ៗដូច្នេះថា «ជាផ្នែកមួយនៃការការពាររបស់យើង យើងត្រូវតែធ្វើទំនើបកម្ម និងកសាង ឡើងវិញនូវឃ្លាំងអាវុធនុយក្លេអ៊ែររបស់យើង... ហើយយើងសង្ឃឹមថា នឹងមិនត្រូវប្រើប្រាស់វានោះទេ ប៉ុន្តែយើងនៅតែត្រូវធ្វើឱ្យអាវុធនុយក្លេអ៊ែរកាន់តែខ្លាំង កាន់តែរឹងមាំ និងមានថាមពល ដើម្បីការពារ និងទប់ទល់រាល់ការឈា្លនពានណាមួយពីសំណាក់សត្រូវ»។
គួរបញ្ជាក់ថា បើតាមលោក ដូណាល់ ត្រាំ ការគំរាមកំហែងដ៏ធំសម្រាប់សហរដ្ឋអាមេរិក គឺកូរ៉េខាងជើង។ «យើងត្រូវតែឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះអាកប្បកិរិយាដ៏គ្រោះថ្នាក់ នៃរបបដឹកនាំកូរ៉េខាងជើង សំដៅស្វែងយល់ពីប្រភពនៃការគំរាមកំហែងរបស់ពួកគេ ដែលអាចបង្កគ្រោះថ្នាក់ដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង»។ នេះជាការលើកឡើងរបស់ លោក ដូណាល់ ត្រាំ៕