(កាប៊ុល)៖ គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារភាគខាងជើងរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ជាប់ព្រំដែនប្រទេស តាជីគីស្ថាន បានបណ្ដាលឱ្យក្មេងម្នាក់ស្លាប់ និងមនុស្ស ០៩នាក់ទៀតរងរបួស នៅប្រទេសប៉ាគីស្ថាន ដែលរងឥទ្ធិពលខ្លាំងពីអាហ្វហ្គានីស្ថាននោះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយបណ្តាញព័ត៌មាន Hindustan Times នារសៀលថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក បានបង្ហាញទិន្នន័យជាបឋមឲ្យដឹងថា គ្រោះរញ្ជួយដីនេះ បានបង្ករំញ័រទៅដល់រដ្ឋធានីញូដេលី នៃប្រទេសឥណ្ឌា និងអ៊ីស្លាម៉ាបាដរបស់ប៉ាគីស្ថាន ដែលស្ថិតនៅក្បែរខាងប្រទេសអាហ្វហ្គានីស្ថានផងដែរ។
គ្រោះរញ្ជួយដីនេះបានកើតឡើងនៅតំបន់ភ្នំ Hindu Kush ពីក្នុងជម្រៅដី ១៩១គីឡូម៉ែត្រ។
ដោយឡែក បើតាមអាជា្ញធរប៉ាគីស្ថាន គ្រោះរញ្ជួយដីនេះបានបណ្ដាលឱ្យក្មេងស្រីម្នាក់បាត់បង់ជីវិត និងមនុស្ស ០៩នាក់ទៀត ជាសាច់ញាតិរបស់នាងបានរងរបួសនៅក្នុងខេត្ត បាឡូជីស្ថាន (Balochistan) ក្រោយផ្ទះរបស់ពួកគេរលំសង្កត់។
គួរបញ្ជាក់ថា ប្រជាជនមួយចំនួន បានចេញមកតាមដងផ្លូវ និងទីវាលដើម្បីសុវត្ថិភាព ខណៈរំញ័រនេះបានជះឥទ្ធិពលខ្លាំងទៅដល់ តំបន់មួយចំនួនក្នុងប្រទេសឥណ្ឌាដូចជា ញូដេលី ហ្សាមមូ កាស្មៀ និងរ៉ាហ្សាស្ថានជាដើម៕