(ស្វីស)៖ ទាំង ៣២ប្រទេស (ក្រុម) ដែលបានឡើងមកដល់វគ្គចែកពូលក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះនោះ សុទ្ធតែទទួលបានប្រាក់រង្វាន់ត្រឡប់ទៅផ្ទះវិញទាំងអស់ ដោយយ៉ាងហោចណាស់ ក្រុមធ្លាក់ក្នុងពូល ទទួលបានតិចជាងគេ ៨លានដុល្លារ គ្រាដែលក្រុមឈ្នះជើងឯកបាន ៣៨លានដុល្លារ។
យោងតាមគេហទំព័រព័ត៌មាន Sport24 បានចេញផ្សាយថា សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់អន្តរជាតិ FIFA បានត្រៀមកញ្ចប់ថវិកា ៤០០លានដុល្លារ សម្រាប់ចែកជូនទាំង៣២ក្រុមដែលបានឡើងមកលេង World Cup លើកទី២១ ឆ្នាំ២០១៨ ក្នុងប្រទេសរុស្ស៊ីខាងមុខនេះមានការកើនឡើង ១២% បើប្រៀបធៀបកាលធ្វើនៅប្រេស៊ីល World Cup 2014 មានតែ ៣៥៨លានដុល្លារប៉ុណ្ណោះ ដោយក្រុមឈ្នះជើងឯកអាល្លឺម៉ង់ ទទួលបាន ៣៥លានដុល្លារ និងជើងឯករង អាហ្សង់ទីន បាន២៥លានដុល្លារ។
ទន្ទឹមគ្នានោះ សម្រាប់ក្រុមជាប់ចំណាត់ថ្នាក់លេខ៣ ទទួលបាន ២៤លានដុល្លារ គ្រាដែលក្រុមជាប់លេខ៤ ទទួលបាន ២២លានដុល្លារ។ លើសពីនេះទៀត ក្រុមជាប់ចំណាត់ថ្នាក់លេខ៥ ដល់លេខ៨ ទទួលបាន១៦លានដុល្លារក្នុង១ក្រុម ជាមួយនឹងក្រុមបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១៧ ដល់លេខ៣២ ទទួលបាន ៨លានដុល្លារក្នុង១ក្រុម។
ព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តង FIFA World Cup 2018 នឹងចាប់ផ្តើមប្រកួតនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅលើទីលានចំនួន១២ នៅទូទាំង១១ទីក្រុង នៃប្រទេសមហាអំណាចរុស្ស៊ី ដោយពុំមានក្រុមខ្លាំងដូចជា ឈីលី ហូឡង់ អ៊ីតាលី ចិន និងមហាអំណាចអាមេរិកឡើយ៕