(សេអ៊ូល)៖ កូរ៉េខាងជើងមានគំរោងដង្ហែគ្រាប់មីស៊ីលផ្លោង រយៈចំងាយឆ្ងាយរាប់សិបគ្រាប់ នាឱកាសនៃការធ្វើព្យុហយាត្រាយោធា ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៨ ខែកុម្ភៈខាងមុខ នេះ ពោលគឺមួយថ្ងៃប៉ុណ្ណោះមុននឹងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ ក្នុងទីក្រុង PyongChang ប្រទេសកូរ៉េខាងត្បូងចូលមកដល់។ នេះបើតាមការ CNN ចុះផ្សាយនៅរសៀលថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨។
ស្ថានីយទូរស្សន៍ CNN ផ្អែកលើប្រភពការទូតចំនួនពីរ ដែលខ្លួនទទួលបាន បានគូសបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងនឹងធ្វើការដង្ហែគ្រាប់មីស៊ីលរយៈចំងាយឆ្ងាយ និងគ្រាប់រ៉ុក្កែតរាប់សិបគ្រាប់ ក្នុងគោលបំណងសម្ញែងសាច់ដុំដាក់សហរដ្ឋអាមេរិក។ ប្រភពការទូតនេះបានឱ្យដឹងទៀតថា នាឱកាសធ្វើព្យុហយាត្រាយោធានោះ កូរ៉េខាងជើងក៏ត្រូវបានគេរំពឹងដែរថា នឹងបង្ហាញមីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ ក្នុងនោះរួមមានទាំងមីស៊ីលឆ្លងទ្វីប Hwasong-15 ដែលកូរ៉េខាងជើងបានធ្វើតេស្ដកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ និងអះអាងថា វាអាចបាញ់ដល់ដែនដីគោក របស់សហរដ្ឋអាមេរិក។
លើសពីនេះទៅទៀត ប្រភពការទូតនេះដដែល មិនបានបដិសេធឡើយ ពីលទ្ធភាពថា កូរ៉េខាងជើងអាចនឹងធ្វើតេស្ដមីស៊ីលផ្លោងជាថ្មី នៅពេលឆាប់ៗខាងមុខនេះ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ កូរ៉េខាងជើងបានព្រមានសហរដ្ឋអាមេរិកថា ផលវិបាកដ៏ធំមួយនឹងផ្ទុះឡើង បើសិនជាទីក្រុងវ៉ាស៊ីនតោន បន្តធ្វើសមយុទ្ធយោធាឡើងវិញជាមួយកូរ៉េខាងត្បូង បន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិក។ ប៉ុន្តែបើគេចំាមិនភ្លេច នេះមិនមែនជាលើកទីមួយឡើយ ដែលរបបកុម្មុយនីស្ដព្យុងយ៉ាងព្រមានបែបនេះ ហើយជាទម្លាប់ដដែលៗ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលនៅតែធ្វើសមយុទ្ធយោធារួមគ្នា៕