(កាប៊ុល)៖ គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារភាគខាងជើងរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ជាប់ព្រំដែនប្រទេសតាជីគីស្ថាន នៅមុននេះបន្តិច ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា មានមនុស្សរងគ្រោះ ឬក៏ការខូចខាតទ្រព្យសម្បត្តិជារួមក្នុងកម្រិតណានោះឡើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយបណ្តាញព័ត៌មាន Hindustan Times នារសៀលថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក បានបង្ហាញទិន្នន័យជាបឋមឲ្យដឹងថា គ្រោះរញ្ជួយដីនេះ បានបង្ករំញ័រទៅដល់រដ្ឋធានីញូដេលី នៃប្រទេសឥណ្ឌា និងអ៊ីស្លាម៉ាបាដរបស់ប៉ាគីស្ថាន ដែលស្ថិតនៅក្បែរខាងប្រទេសអាហ្វហ្គានីស្ថានផងដែរ។ រញ្ជួយដីនេះ បានកើតឡើងនៅតំបន់ភ្នំ Hindu Kush ពីក្នុងជម្រៅដី ១៩១គីឡូម៉ែត្រ។
គួរបញ្ជាក់ថា ប្រជាជន មួយចំនួន បានចេញមកតាមដងផ្លូវ និងទីវាលដើម្បីសុវត្ថិភាព ខណៈរំញ័រនេះបានជះឥទ្ធិពលខ្លាំងទៅដល់ តំបន់មួយចំនួនក្នុងប្រទេសឥណ្ឌាដូចជា ញូដេលី ហ្សាមមូ កាស្មៀ និងរ៉ាហ្សាស្ថានជាដើម៕