(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្សះផ្សាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក បើទោះបីជាទីក្រុងវ៉ាស៊ីនតោន បានប្រកាសពីបញ្ជីឈ្មោះមន្ត្រី និងពាណិជ្ជករ រួមទាំងក្រុមហ៊ុនរុស្ស៊ីជាច្រើន ដែលអាចនឹងជាប់ទណ្ឌកម្មថ្មី របស់អាមេរិកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨។
លោក ពូទីន ថ្លែងបែបនេះនៅក្នុងពិធីជួបជុំជាមួយក្រុមអ្នកគ្រប់គ្រង យុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីរបស់លោក កាលពីថ្ងៃអង្គារ។ ថ្លែងនាឱកាសនោះដែរ លោក ពូទីន បានគូសបញ្ជាក់ថា «រុស្ស៊ីគ្មានចំណាប់អារម្មណ៍កាត់ផ្ដាច់ទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិកឡើយ ហើយនៅតែចង់អភិវឌ្ឍន៍ទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ឈរលើ មូលដ្ឋានច្បាប់អន្តរជាតិ និងក្នុងនាមជាមហាអំណាចនុយក្លេអ៊ែរ ស្របពេលប្រជាជនទាំងពីររំពឹង ចង់បានការកសាងទំនាក់ទំនងរវាងគ្នា តាមបែបទំនើប ជាមួយការគោរពគ្នាទៅវិញទៅមក»។
ប៉ុន្តែទន្ទឹមគ្នា ប្រមុខវិមានក្រឹមឡាំងរូបនេះ ក៏បានបញ្ជាក់ដែរថា ការសម្រេចបញ្ជីខ្មៅអាមេរិក គឺជាសកម្មភាពអរិភាព និងមានតែបំផ្លាញដល់ទំនាក់ទំនងរវាងប្រទេសទាំង ពីតែប៉ុណ្ណោះ ហើយទីក្រុងម៉ូស្គូអាចនឹងចាត់វិធានការឆ្លើយតបវិញក៏ថាបាន។
គួររំលឹកថា កាលពីថ្ងៃចន្ទ (ម៉ោងនៅសហរដ្ឋអាមេរិក) ក្រសួងរតនាគារជាតិអាមេរិក បានចេញផ្សាយបញ្ជីឈ្មោះមន្ត្រីរុស្ស៊ី ១១៤នាក់ និងពាណិជ្ជករ ៩៦នាក់ ដែលអាចនឹងប្រឈមមុខ ជាប់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ក្រោមក្របខណ្ឌនៃការចាទប្រកាន់ថា រុស្ស៊ីបាន លូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦៕