(វ៉ាស៊ីនតោន)៖ គួរអរគុណតារាវិទូក្រៅក្របខណ្ឌមួយរូប ដែលជម្រុញឲ្យអង្គការ NASA អាចរកឃើញផ្កាយរណប IMAGE ដែលបានបាត់ដំណឹងទៅហើយ តាំងតែពីឆ្នាំ២០០៥ ប៉ុន្តែវាត្រូវបានគេសន្មត់ថា បានគាំងដំណើរការទាំងស្រុង ទោះបីជា NASA អាចរកឃើញវិញក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨។
តាមព័ត៌មានភ្ញាក់ផ្អើលកាលពីថ្ងៃម្សិលមិញនេះ អង្គការ NASA បានឲ្យដឹងតាម Twitter ថា «ពួកយើងកំពុងតែប៉ុនប៉ងភ្ជាប់ការទាក់ទងទៅនឹងផ្កាយរណប IMAGE តាមរយៈមជ្ឈមមណ្ឌលទាក់ទងយានអវកាសអាមេរិក Deep Space Network បន្ទាប់ពីតារាវិទូមិនពេញជំនាញម្នាក់ (Amateur Astronomer) បានរាយការណ៍ឲ្យដឹងថា បានប្រទះឃើញសញ្ញារបស់ផ្កាយរណបនោះ កាលពីពាក់កណ្តាលខែមករានេះ»។
ទោះបីជាមានការអះអាងថា IMAGE បានស្លាប់ទៅហើយក៏ដោយ តែក្រុមអ្នកវិទ្យាសាស្ត្រ និងវិស្វកររបស់ NASA នៃមជ្ឈមណ្ឌលហោះហើរអវកាស Goddard នឹងបន្តធ្វើការវិភាគទិន្នន័យពីផ្កាយរណបនេះបន្ថែម ដើម្បីសិក្សាអំពីស្ថានភាពរបស់វា។ ដំណើរការនេះអាចទៅរួច គឺតម្រូវឲ្យក្រុមជំនាញស្រាវជ្រាវរកទិន្នន័យចាស់ៗរបស់វា ត្រឡប់យកមកវិញ។
គួរជម្រាបថា ផ្កាយរណបខាងលើ ដែលមានឈ្មោះពេញថា Imager for Magnetpause-to-Aurora Global Exploration ត្រូវបានគេបាញ់បង្ហោះតាំងតែពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០០ ខណៈមូលដ្ឋាននៅលើភពផែនដី បានបាត់បង់ទំនាក់ទំនងជាមួយវាដោយឥតរំពឹងទុកកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៥៕