(ហាណូយ)៖ ក្រសួងសន្តិសុខសាធារណៈ នៃប្រទេសវៀតណាមបានប្រកាសចាត់បញ្ចូលអង្គការ Provisional National Government of Vietnam (PNGV) ដែលមានមូលដ្ឋាននៅឯសហរដ្ឋអាមេរិក ជាអង្គការភេរវកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨។
បើតាមក្រសួងខាងលើ ជនទាំងឡាយណាដែលបានចូលរួមពាក់ព័ន្ធក្នុងការឃោសនា-ផ្សព្វផ្សាយ និងញុះញង់ឲ្យអ្នកដទៃ ចុះចូល ឧបត្ថម្ភ និងទទួលការឧបត្ថម្ភពីអង្គការ Provisional National Government of Vietnam ឬក៏ចូលរួមក្នុងវគ្គបណ្តុះបណ្តាល ធ្វើតាមការបង្គាប់របស់អង្គការ និងប្រព្រឹត្តអំពើភេរកម្ម ឬក៏ការឧបត្ថម្ភ-គាំទ្រដល់ពួកភេរវករ នឹងត្រូវទទួលទោសតាមផ្លូវច្បាប់របស់វៀតណាម។
គួរជម្រាបថា អង្គការខាងលើ ត្រូវបានបង្កើតឡើងនៅសហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៩១ ដោយបុគ្គលឈ្មោះ ដាវ មិញក្វាន (Dao Minh Quan) ឬហៅថា ដាវ វ៉ាត់ (Dao Van) ដែលមានដើមកំណើតនៅខេត្ត ធួ ធាន ហឺ (Thua Thien Heu) ភាគកណ្តាលប្រទេសវៀតណាម កាលពីឆ្នាំ១៩៥២ ដោយជនរូបនេះ គឺជាអតីតមេទ័ពម្នាក់នៃកងទ័ពវៀតណាមខាងត្បូង កាលពីសម័យសង្រ្គាមវៀតណាម ខណៈបច្ចុប្បន្នគឺជនជាតិអាមេរិក រស់នៅក្នុងរដ្ឋកាលីហ្វរញ៉ា។
បន្ទាប់ពីបានបង្កើតអង្គការនេះឡើង លោក Quan និងថ្នាក់ដឹកនាំដទៃទៀតរបស់អង្គការ បានធ្វើទស្សនកិច្ចនៅឯជំរុំជនភៀសខ្លួនវៀតណាម នៅតាមបណ្តាប្រទេសមួយចំនួន ដើម្បីកេណ្ឌកម្លាំង។ ជនភៀសខ្លួននានាដែលត្រូវបានចុះចូលក្នុងអង្គការនេះ ក្រោយមកក៏ត្រូវបានធ្វើមាតុភូមិនិវត្តន៍ ទៅកាន់វៀតណាមវិញ ដើម្បីបង្កភាពចលាចល និងសកម្មភាពបំផ្លិចបំផ្លាញផ្សេងៗ៕