(ឡូស អាន់ជែលឡែស)៖ ប្រធានទីភ្នាក់ងារគ្រប់គ្រងការប្រកាសអាសន្ននៃរដ្ឋហាវ៉ៃ បានសម្រេចចិត្តលាលែងពីតំណែងហើយ ខណៈបុគ្គលិកម្នាក់ដែលបានចុចច្រឡំលើប៊ូតង់ព្រមាន ពីការវាយប្រហារដោយគ្រាប់មីស៊ីលត្រូវបានបណ្ដេញចេញពីការងារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ Star Advertiser ប្រធានទីភ្នាក់ងារគ្រប់គ្រងការប្រកាសអាសន្ននៃរដ្ឋហាវ៉ៃ លោក Vern Miyagi បានទទួលខុសត្រូវទាំងស្រុង ព្រមទាំងបានដាក់លិខិតលាលែងពីតំណែងនៅថ្ងៃអង្គារនេះ (ម៉ោងនៅក្នុងតំបន់)។ ចំណែកឯ បុគ្គលិកម្នាក់ដែលចុចច្រឡំលើប៊ូតង់ព្រមានពីការវាយប្រហារដោយគ្រាប់មីស៊ីល ត្រូវបានបណ្ដេញចេញពីការងារកាលពីថ្ងៃសុក្រ ហើយអនុប្រធាននៃទីភ្នាក់ងារមួយនេះម្នាក់បានលាលែងពីតំណែង ខណៈបុគ្គលិកម្នាក់ទៀតត្រូវបានព្យួរពីការងារ ដោយគ្មានប្រាក់ខែ។
គួររំលឹកថា កាលពីថ្ងៃទី១៣ ខែមករា កន្លងទៅ អាជ្ញាធររដ្ឋហាវ៉ៃបានចេញមុខសូមទោសចំពោះ ភាពចលាចលដែលបង្កឡើងដោយបុគ្គលិកម្នាក់បានចុចច្រឡំលើប៊ូតង់ព្រមានពី ការវាយប្រហារដោយគ្រាប់មីស៊ីល។ ប៉ុន្តែទន្ទឹមគ្នា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានអះអាងថាការច្រឡំនេះគ្រាន់តែជាធ្វើសមយុទ្ធតែប៉ុណ្ណោះ៕