(ឡូសអាន់ជែឡែស)៖ មនុស្សយ៉ាងតិច០៣នាក់បានបាត់បង់ជីវិត និង០២នាក់ផ្សេងទៀត បានទទួលរងរបួស នៅពេលឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់ចំលំនៅឋានមួយខ្នង នាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅភាគខាងលិចអាមេរិក) ក្នុងទីក្រុង Newport Beach នៃរដ្ឋ California។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨។
អាជ្ញាធរក្រុង Newport Beach បានបង្ហោះសារឲ្យដឹងថា មានមនុស្សចំនួន០៥នាក់បានរងគ្រោះនៅក្នុងហេតុការណ៍នេះ ដោយ០៤នាក់នៅលើឧទ្ធម្ភាគចក្រ និងម្នាក់ទៀតជាអ្នកឈរនៅលើដី។ ជាលទ្ធផលមនុស្ស០៣នាក់ បានបាត់បង់ជីវិត ប៉ុន្តែពុំមាននរណាម្នាក់ ស្ថិតនៅក្នុងផ្ទះកើតហេតុ ជាទីដែលឧទ្ធម្ភាគចក្របានធ្លាក់ចំឡើយ។
គួរជម្រាបថា ឧទ្ធម្ភាគចក្រខាងលើ មានប្រភេទជាឧទ្ធម្ភាគចក្រ Robinson 44 ដែលផ្ទុកមនុស្សបាន០៤នាក់ និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Revolution Aviation។ ជាមួយគ្នានេះ មូលហេតុ ដែលបានបណ្តាលឲ្យឧទ្ធម្ភាគចក្រនេះធ្លាក់ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិស៕