(ប៉េកាំង)៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May បានធ្វើដំណើរមកដល់ទីក្រុង Wuhan នៃខេត្ត Hubei ភាគកណ្តាលប្រទេសចិនហើយ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី ដែលមានរយៈពេល០៣ថ្ងៃ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីចិន លោក Li Keqiang។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨។
នៅក្នុងថ្ងៃដដែលនេះ លោកស្រី May ដែលមានអមដំណើរមកជាមួយនូវ ប្រតិភូតំណាងក្រុមហ៊ុនធំៗនៃចក្រភពអង់គ្លេសផងដែរនោះ នឹងបន្តដំណើរឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ដើម្បីបើកកិច្ចប្រជុំទ្វេភាគីថ្នាក់នាយករដ្ឋមន្រ្តីប្រចាំឆ្នាំ ជាមួយលោក Li និងជួបពិភាក្សាជាមួយបណ្តាថ្នាក់ដឹកនាំចិនដទៃៗ ដើម្បីផ្លាស់ប្តូរទស្សនៈ លើចំណងទាក់ទងទ្វេភាគី ព្រមទាំងបញ្ហាក្នុងតំបន់ក៏ដូចជាអន្តរជាតិ។
គួរជម្រាបថា នេះគឺជាដំណើរទស្សនកិច្ចលើកទីពីរហើយ របស់លោកស្រី Theresa May មកកាន់ប្រទេសចិន ក្នុងនាមជានាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស ក្រោយពីលោកស្រី បានចូលរួមកិច្ចប្រជុំកំពូល G20 នៅឯទីក្រុង Hangzhou ភាគខាងកើតចិន កាលពីខែកញ្ញា ឆ្នាំ២០១៦៕