(វ៉ាស៊ីនតោន)៖ ទីបំផុតសហរដ្ឋអាមេរិក បានចេញផ្សាយបញ្ជីឈ្មោះ ដែលគ្រប់ៗគ្នាទន្ទឹងរង់ចាំជាយូរណាស់មកហើយ អំពីមន្រ្តីរដ្ឋាភិបាល ព្រមទាំងប្រធានក្រុមហ៊ុនធំៗ របស់ប្រទេសរុស្ស៊ី ដែលអាចប្រឈមមុខនឹងការដាក់ទណ្ឌកម្ម ជុំវិញការជាប់សង្ស័យថា មានពាក់ព័ន្ធនឹងការលូកដៃចូលក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០១៨។
ដោយមានគោលដៅបង្កើនសម្ពាធ ទៅលើប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បញ្ជីឈ្មោះខាងលើនេះ រួមមានមន្រ្តីរដ្ឋាភិបាលរុស្ស៊ីចំនួន ១១៤រូប ក៏ដូចជាពាណិជ្ជករកំពូលៗប្រមាណ ៩៦រូបទៀត ដែលត្រូវបានកំណត់ដោយ ក្រសួងរតនាគារជាតិអាមេរិក។ បើតាមក្រសួងដដែលនេះ បុគ្គលនីមួយៗនៅក្នុងបញ្ជី ត្រូវគេប៉ាន់ប្រមាណថា មានទ្រព្យសម្បត្តិយ៉ាងតិចចាប់ពី ០១ពាន់លានដុល្លារ ឡើងទៅ។
គួរជម្រាបថា បញ្ជីឈ្មោះខាងលើមានគោលបំណង ដើម្បីព្យាយាមបកអាក្រាតក្រុមជនទាំងឡាយ ដែលបានទទួលផលប្រយោជន៍ ក្នុងទម្រង់ជាទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយនិងអំណាចក្នុងដៃ តាមរយៈការចងទំនាក់ទំនងជាមួយ លោក ពូទីន។ យ៉ាងណាមិញ បញ្ជីនេះពុំបានដាក់ទណ្ឌកម្មតាមលក្ខណៈណាមួយ ទៅលើបុគ្គលទាំងអស់នោះឡើយ។ ព័ត៌មានលម្អិតបន្ថែមនឹងត្រូវចេញផ្សាយ នៅពេលទណ្ឌកម្មដាក់ចេញជាផ្លូវការ៕