(អង់ការ៉ា)៖ ខណៈកងទ័ពថ្មើរជើងតួកគី កំពុងជាប់ដៃបោសសំអាតក្រុមអ្នកប្រយុទ្ធឃើដស៊ីរី YPG នៅក្នុងទីក្រុង Afrin ប្រទេសស៊ីរី យន្ដហោះចម្បាំងយោធាតួកគី បែរជាឆ្លៀតបើកការ វាយប្រហារតាមផ្លូវអាកាស លើគោលដៅរបស់ក្រុមសកម្មប្រយុទ្ធជាច្រើន នៅតាមបណ្ដោយព្រំដែនភាគខាងជើង នៃប្រទេសអ៊ីរ៉ាក់បន្ថែមទៀត។ សេចក្ដីរាយការណ៍ពីវាយប្រហារនេះ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីតួកគី លោក រ៉េសិប តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) បានសន្យាថា ទីក្រុងអង់ការ៉ានឹងបោសសំអាតពួកភេរវករ ចេញពីព្រំដែនរបស់ខ្លួន រហូតដល់ប្រទេសអ៊ីរ៉ាក់។ នេះបើតាម Anadolu ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០១៨។
យោងតាមទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu យន្ដហោះចម្បាំងតួកគីជាច្រើនគ្រឿង បានវាយប្រហារលើគោលដៅចំនួន ០៨ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដោយបានកម្ទេច ជំរុំហ្វឹកហាត់ កន្លែងលាក់ខ្លួន និងបរិក្ខាយោធាច្រើនរបស់ក្រុមសកម្មប្រយុទ្ធ ដែលតួកគីចោទថា កំពុងរៀបចំគំរោងវាយប្រហារ លើប៉ុស្ដិ៍ត្រួតពិនិត្យនៅតំបន់ព្រំដែន។ ប៉ុន្តែទីក្រុងបាកដាដមិនទាន់ធ្វើការអត្ថាធិប្បាយណាមួយ ពាក់ព័ន្ធនឹងការវាយប្រហារ តាមផ្លូវអាកាសនេះនៅឡើយទេ ដែលត្រូវបានគេរាយការណ៍ថា បានធ្វើឡើងនៅក្នុងតំបន់ Zap, Avasin, Basyan និងតំបន់ Hakurk របស់អ៊ីរ៉ាក់។ ម្យ៉ាងវិញទៀត ក៏គ្មានការអះអាងថា ក្រុមសកម្មប្រយុទ្ធណាមួយ ស្ថិតនៅក្រោមគោលដៅរបស់យោធាតួកគីដែរ ស្របពេលពួកគេកំពុងជាប់ដៃ វាយប្រហារលើក្រុមអ្នកប្រយុទ្ធឃើដស៊ីរី YPG នៅលើទឹកដីស៊ីរី។
គួររំលឹកថា ទីក្រុងអង់ការ៉ាបានបើកប្រតិបត្តិការយោធា នៅក្នុងទីក្រុង Afrin កាលពីថ្ងៃទី២០ ខែមករាកន្លងទៅ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនមានគំរោងជួយ YPG ដែលតួកគីចាត់ទុកថា ជាអង្គការភេរវករក្នុងការបង្កើតកងកម្លាំងឃើដ ការពារព្រំដែនមានសមាជិកជាង ៣០,០០០នាក់។ តែព័ត៌មាននេះ ត្រូវបានរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បដិសេធ៕