(ញូដេលី)៖ រដ្ឋធានីនៃប្រទេសឥណ្ឌា បានក្លាយជាទីក្រុងដែលទទួលរងការបំពុលខ្លាំងក្លាក្រៃលែងជាងគេបង្អស់ ប្រចាំប្រទេសអាស៊ីខាងត្បូងមួយនេះ ខណៈរដ្ឋ Uttar Pradesh បានជាប់ឈ្មោះជារដ្ឋ ដែលរងការបំពុលធ្ងន់ធ្ងរបំផុត។ នេះបើតាមរបាយការណ៍ថ្មីមួយ ដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០១៨។
របាយការណ៍ខាងលើ ដែលមានចំណងជើងថា «មហាគ្រោះមហន្តរាយខ្យល់អាកាសទីពីរ» របស់អង្គការការពារបរិស្ថានពិភពលោក Geenpeace ប្រចាំនៅប្រទេសឥណ្ឌា បានរកឃើញថា រដ្ឋធានីញូដេលី គឺជាទីក្រុងដែលរងការបំពុលខ្លាំងគេបំផុតនៅឥណ្ឌា ខណៈរដ្ឋ Uttar Pradesh គឺជារដ្ឋមានការបំពុលជាងគេរបស់ឥណ្ឌា ដោយនៅក្នុងរដ្ឋនេះ មានទីក្រុងដល់ទៅ ១៥ក្រុង ទៅហើយដែលស្ថិតក្នុងចំណោមទីក្រុងរងការបំពុលទាំង ៣០ របស់មហាយក្សមានប្រជាជនច្រើនបំផុត លំដាប់លេខពីរលើលោកមួយនេះ។
ជុំវិញការអះអាងរបស់របាយការណ៍នេះ រដ្ឋាភិបាលឥណ្ឌា មិនទាន់បានបញ្ចេញប្រតិកម្មឆ្លើយតបនោះឡើយ ប៉ុន្តែបើតាមធាតុពិតជាក់ស្តែង ទីក្រុងញូដេលី និងរដ្ឋ Uttar Pradesh គឺសុទ្ធតែមានប្រជាជនរស់នៅច្រើន និងជាតំបន់មានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំង តាមរយៈរោចក្រឧស្សាហកម្ម ទាំងខ្នាតតូច រហូតដល់ធំ។
គួរបញ្ជាក់ថា សម្រាប់រដ្ឋធានីញូដេលីតែមួយប៉ុណ្ណោះ មានប្រជាជនរស់នៅរហូតដល់ទៅជាង ២៤លាននាក់ (ច្រើនជាងទីក្រុងប៉េកាំងរបស់ចិន ដែលមានតែជាង ២១លាននាក់) ខណៈរដ្ឋ Uttar Pradesh វិញ គឺមានប្រជាជនឥណ្ឌារស់នៅរហូតដល់ទៅជិត ២២០លាននាក់ (តួលេខឆ្នាំ២០១៧ ច្រើនជាងខេត្តក្វាងទុងរបស់ចិន ដែលមានប្រជាជនរស់នៅច្រើនបំផុតដល់ទៅជាង ២ដង ឬ ១០៤.៣លាននាក់ ជាតួលេខឆ្នាំ២០១០)។
អ្វីគួរឲ្យកំណត់ចំណាំ៖ ប្រទេសឥណ្ឌា មិនមាននយោបាយកូន ១ ដូចប្រទេសចិននោះឡើយ ហើយប្រជាជនឥណ្ឌាសរុបកាលពីឆ្នាំ២០១៦ មានចំនួន ១.៣២៤ពាន់លាននាក់ ខណៈប្រទេសចិនប្រជាជនសរុបចំនួន ១.៣៨៨ពាន់លាននាក់។ ដូច្នេះអ្នកវិភាគធ្លាប់បានលើកឡើងថា នៅឆ្នាំ២០២០ ខាងមុខនេះ ចំនួនប្រជាជនឥណ្ឌា នឹងវ៉ាដាច់ប្រទេសចិន ក្លាយជាមហាយក្សលេខ ១ ដែលមានប្រជាជនរស់នៅច្រើនជាងគេបង្អស់លើលោក ខណៈដែលបច្ចុប្បន្នប្រជាជនសរុបទូទាំងសកលលោក មានចំនួន ៧.៦ពាន់លាននាក់៕