(ប៉េកាំង)៖ មហាក្សត្រនៃប្រទេសហូងឡង់ វីលឡេម អាឡិចហ្សានដឺ (Willem-Alexander) នឹងយាងមកបំពេញទស្សនកិច្ចនៅឯប្រទេសចិន ចាប់ពីថ្ងៃទី០៧ ដល់ទី០៨ ខែកុម្ភៈខាងមុខនេះ ក្រោមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដើម្បីរឹតចំណងទាក់ទងនៃប្រទេសទាំងពីរ។ នេះបើតាមការធ្វើសេចក្តីប្រកាស ដោយអ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង Lu Kang ដកស្រង់សម្តីដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០១៨។
ជាមួយគ្នានេះ អគ្គមហេសី ម៉ាក់ស៊ីម៉ា (Maxima) ក៏នឹងយាងអមដំណើរព្រះអង្គ Willem-Alexander មកកាន់ប្រទេសចិនផងដែរ។ បើតាមសេចក្តីប្រកាសនៅលើវែបសាយ នៃព្រះរាជវាំងហូងឡង់ បន្ទាប់ពីយាងមកដល់ព្រលានយន្តហោះនៅប្រទេសចិន ក្រោមការទទួលរង់ចាំស្វាគមន៍ពីអនុរដ្ឋមន្រ្តីការបរទេសចិន នៅថ្ងៃទី០៧ ខែកុម្ភៈ ទ្រង់ Willem-Alexander និង ទ្រង់ Maxima នឹងយាងជួបពិភាក្សានាយករដ្ឋមន្រ្តីចិន លោក Li Keqiang ហើយបន្ទាប់មកជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង រួមនិងភរិយាលោកស្រី ផេង លីយ័ន (Peng Liyuan) នៅរសៀលថ្ងៃដដែល។
គួរជម្រាបថា ចិនគឺជាអ្នកដើរតួនាទីដ៏សំខាន់មួយ នៅលើឆាកអន្តរជាតិ ពាក់ព័ន្ធបញ្ហារួមមានបម្រែបម្រួលអាកាសធាតុ ហើយក៏ជាមហាអំណាចសេដ្ឋកិច្ចលេខពីរ លើពិភពលោកផងដែរ ខណៈហូឡង់គឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទីបីរបស់ទីក្រុងប៉េកាំង ប្រចាំនៅអឺរ៉ុប។ ប្រទេសទាំងពីរ ពឹងផ្អែកទៅលើដំណើរការយ៉ាងរលូន នៃសន្ទុះពាណិជ្ជកម្មជាសាកល ដែលតម្រូវឲ្យមានការទាក់ទង ក៏ដូចជាធ្វើកិច្ចសហប្រតិបត្តិការរវាងគ្នាឲ្យបានញឹកញាប់។
ដំណើរទស្សនកិច្ចនាដើមខែក្រោយនេះ ត្រូវបានគ្រោងរៀបចំឡើង ដោយឈរលើចំណងមិត្តភាពដ៏ជិតស្និទ្ធ ដែលបានបង្កើតឡើងកាលពីអំឡុងការបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទៅមករវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ កាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥។
ដោយឡែក នៅថ្ងៃទី០៨ ខែកុម្ភៈ ព្រះអង្គ Willem-Alexander នឹងយាងចាកចេញពីប្រទេសចិន ដើម្បីបន្តយាងឆ្ពោះទៅត្រៀមចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងារក្នុងក្រុង PyeongChang ប្រទេសកូរ៉េខាងត្បូង ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០៩ ខែកុម្ភៈ ខណៈអគ្គមហេសីរបស់ទ្រង់ Maxima នឹងចាប់ផ្តើមថ្ងៃទីពីរ នៃដំណើរទស្សនកិច្ចរបស់ទ្រង់ ដោយចូលរួមវេទិកាពិភាក្សាតុមូល ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ Green Finance រវាងប្រទេសទាំងពីរ៕