(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានសម្រេចចិត្តលើកលែង ការហាមឃាត់លើជនភៀសខ្លួនមកពីប្រទេសចំនួន ១១ មិនឱ្យជាន់ដីអាមេរិក ប៉ុន្តែរាល់អ្នកដែលចង់ចូលមកកាន់សហរដ្ឋអាមេរិក នឹងត្រូវប្រឈមមុខនឹងវិធានការសន្តិសុខថ្មី។ នេះបើតាមរដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោកស្រី ខឺសត៍ជែន នៀលសិន (Kirstjen Nielsen) ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០១៨។
ថ្លែងវេទិកាសាធារណៈមួយ ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទ លោកស្រី Kirstjen Nielsen បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ជាគឺជាររឿងដ៏សំខាន់ ដែលយើងត្រូវតែស្គាល់ឱ្យច្បាស់ពី អ្នកចូលមកសហរដ្ឋអាមេរិក... វិធានការសន្តិសុខបន្ថែម នឹងត្រូវធ្វើឡើង ដើម្បីរារាំងមិនឱ្យបុគ្គលអាក្រក់ កេងប្រវ័ញ្ចលើកម្មវិធីជនភៀសខ្លួនអាមេរិក ហើយយើងនឹងធានាថា យើងនឹងប្រើវិធានការរបស់យើង ការពារប្រទេសជាតិយើង»។
គួរបញ្ជាក់ថា បើទោះជាប្រទេសជាប់បម្រាមទាំង ១១ មិនត្រូវបានលើកឈ្មោះចំៗក៏ដោយ ក៏ប៉ុន្តែក្រុមអ្នកធ្វើការងារពាក់ព័ន្ធនឹងជនភៀសខ្លួនបានឱ្យដឹងថា ប្រទេសទាំងរួមមាន អេហ្ស៊ីប អ៊ីរ៉ង់ អ៊ីរ៉ាក់ លីប៊ី ម៉ាលី កូរ៉េខាងជើង សូម៉ាលី សូដង់ខាងត្បូង សូដង់ ស៊ីរី និងយ៉េមែន ហើយដែលប្រជាជនមកពីប្រទេសទាំងនេះច្រើនជាង ៤០ភាគរយ បានធ្វើដំណើរមក កាន់សហរដ្ឋអាមេរិក ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ៕