(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិក នៅថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) បានអះអាងថា យន្ដហោះចម្បាំងរុស្ស៊ី SU-27 បានធ្វើសកម្មភាពហោះហើរ ដោយមិនមានបទដ្ឋាន សុវត្ថិភាពចំពោះមុខយន្ដហោះចម្បាំងអាមេរិក U.S. EP-3 នៅក្នុងដែនអាកាសអន្តរជាតិ នៅឯតំបន់សមុទ្រខ្មៅ កាលពីព្រឹកថ្ងៃដដែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០១៨។
ជុំវិញឧប្បដិហេតុនេះដែរ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ហ៊ីធើ ណឺត (Heather Nauert) បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្ដែងក្ដីព្រួយ បារម្ភក្នុងកំរិតខ្ពស់ ចំពោះសកម្មភាពគ្មានបទដ្ឋានសុវត្ថិភាព របស់យន្ដហោះចម្បាំងរុស្ស៊ី។ តែយ៉ាងណាក៏ដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA បានរាយការណ៍ថា យន្ដហោះចម្បាំង រុស្ស៊ីបានហោះស្ទាក់យន្ដហោះចម្បាំងអាមេរិកមួយគ្រឿងធុន EP-3E Aries II ដើម្បីរារាំងមិនឱ្យហោះរំលោភចូលក្នុងដែនអាកាសរុស្ស៊ី។
គួរបញ្ជាក់ថា នេះមែនជាលើកទីមួយឡើយ ដែលសហរដ្ឋអាមេរិកចោទប្រកាន់រុស្ស៊ីបែបនេះ ហើយវាក៏នឹងមិនក្លាយជាលើកចុងក្រោយដែរ ដែលមហាអំណាចទាំងពីរចោទប្រកាន់គ្នា ទៅវិញទៅមក ខណៈទីក្រុងម៉ូស្គូ និងសហរដ្ឋអាមេរិក កំពុងបង្កើនសកម្មភាពយោធារបស់ខ្លួន កាន់តែច្រើននៅលើដែនអាកាស នៃតំបន់សមុទ្រខ្មៅ៕