(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA កំពុងតែព្យាយាមធ្វើការទាក់ទង ទៅកាន់ផ្កាយរណបមួយគ្រឿង ដែលខ្លួនបានបាត់កាលពីជាងមួយទសវត្សរ៍មុនមកម្ល៉េះ ក្រោយពីវាត្រូវបានរកឃើញដោយអ្នកតារាសាស្រ្តធម្មតាៗម្នាក់ថា ប្រហែលជាអាចនៅដំណើរការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០១៨។
អង្គការ NASA បានឲ្យដឹងតាម Twitter ថា «ពួកយើងកំពុងតែប៉ុនប៉ងភ្ជាប់ការទាក់ទងទៅនឹងផ្កាយរណប IMAGE តាមរយៈមជ្ឈមមណ្ឌលទាក់ទងយានអវកាសអាមេរិក Deep Space Network បន្ទាប់ពីតារាវិទូមិនពេញជំនាញម្នាក់ (Amateur Astronomer) បានរាយការណ៍ឲ្យដឹងថា បានប្រទះឃើញសញ្ញារបស់ផ្កាយរណបនោះ កាលពីពាក់កណ្តាលខែមករានេះ»។
គួរជម្រាបថា ផ្កាយរណបខាងលើ ដែលមានឈ្មោះពេញថា Imager for Magnetpause-to-Aurora Global Exploration ត្រូវបានគេបាញ់បង្ហោះតាំងតែពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០០ ខណៈមូលដ្ឋាននៅលើភពផែនដី បានបាត់បង់ទំនាក់ទំនងជាមួយវា ដោយឥតរំពឹងទុកកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៥៕