(អង់ការ៉ា)៖ ក្រសួងមហាផ្ទៃតួកគីបានឱ្យដឹងថា ជនសង្ស័យ ៣១១នាក់ ត្រូវបានចាប់ខ្លួនក្រោមបទចោទប្រកាន់ថា បានបំផុសបំផុសសកម្មភាពភេរវកម្ម នៅលើបណ្ដាញទំនាក់ទំនងសង្គម បន្ទាប់ពីកងទ័ពតួកគីបើកប្រតិបត្តិការបោសសំអាត ក្រុមអ្នកប្រយុទ្ធ YPG នៅក្នុងទីក្រុង Afrin ប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០១៨។
យោងតាមក្រសួងមហាផ្ទៃតួកគី ក្រុមរដ្ឋអាជ្ញាតួកគីបានបើកការស៊ើបអង្កេត នៅក្នុងខេត្ត និងទីក្រុងចំនួន ០៦ ក្នុងនោះរួមទីក្រុងអង់ការ៉ា និងទីក្រុងអ៊ីស្ដង់ប៊ូល ដើម្បីប្រយុទ្ធប្រឆាំងនឹងអ្នកប្រើប្រាស់ បណ្ដាញទំនាក់ទំនងសង្គមួយចំនួន ដែលអាជ្ញាធរអះអាងថា ខុសច្បាប់។ នៅក្នុងប្រតិបត្តិការនេះ គណនីប្រព័ន្ធផ្សព្វផ្សាយ ក្នុងបណ្តាញទំនាក់ទំនងសង្គមជាង ៥៧១គណី ត្រូវបានត្រួតពិនិត្យដោយប៉ូលិសជំនាញ ហើយជនសង្ស័យទាំងអស់ ត្រូវបានអាជ្ញាធរចោទប្រកាន់ថា បានគាំទ្រដល់គណបក្សពលករឃើដ PKK ដែលត្រូវបញ្ចូលក្នុងបញ្ជីភេរវកររបស់តួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
គួរបញ្ជាក់ថា កងទ័ពតួកគី និងកងកម្លាំងរំដោះស៊ីរី (FSA) បានបើកប្រតិបត្តិការយោធាឈ្មោះ Operation Olive Branch កាលពីថ្ងៃទី២០ ខែមករា ដើម្បីបោសសំអាតក្រុមអ្នកប្រយុទ្ធឃើដ YPG នៅក្នុងទីក្រុង Afrin ប្រទេសស៊ីរី ដែលបានបណ្តាលឲ្យមនុស្សរាប់រយនាក់ទៅហើយ បាត់បង់ជីវិត រួមជាមួយនឹងការទទួលបានការព្រមានធ្ងន់ៗ ពីសហរដ្ឋអាមេរិកផងដែរ៕