(វ៉ាស៊ីនតោន)៖ ​ផែនការ​​របស់តួកគី ក្នុងការទិញយក​​ប្រព័ន្ធខែលការពារ​មីស៊ីល​ S-400 ពីប្រទេសរុស្ស៊ី អាចនឹងបង្ខំឲ្យ​​សហរដ្ឋ​អាមេ​រិកដាក់​ទណ្ឌកម្ម ប្រឆាំង​នឹងទីក្រុង​អង់ការ៉ា។ នេះបើតាម​សេចក្តីរាយការណ៍​ថ្មីមួយ ស្តីពីទំនាក់ទំនង​របស់ទីក្រុង​វ៉ាស៊ីនតោន ជា​មួយ​អង់ការ៉ា។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០១៨។

របាយការណ៍​ខាងលើបានលើក​ឡើងដូច្នេះថា «សព្វថ្ងៃមាន​ការព្រួយ​បារម្ភថា កិច្ចព្រមព្រៀង​សព្វាវុធ​​តួកគី-រុស្ស៊ី អាចនឹងបង្ក​ឲ្យ​​មានទណ្ឌកម្ម​ពីអាមេរិក នៅ​ឆ្នាំ២០១៨នេះ ក្រោមច្បាប់​ដែលចែងពីការទប់ទល់​នឹងគូសត្រូវ​របស់អាមេរិក តាមរយៈ​​ការ​ប្រើ​ប្រាស់​ទណ្ឌកម្ម​ហៅកាត់ថា CAATSA ដែលបាន​ចូលជាធរមានកាលពី​ខែសីហា ឆ្នាំ២០១៧»

ក្រៅពីនេះ គម្រោង​បង្កើត​ប្រព័ន្ធបំពង់ផ្គត់ផ្គង់​ឧស្ម័នរវាងទីក្រុងម៉ូស្គូ​ និងអង់ការ៉ា នឹង​បណ្តាល​ឲ្យតួកគី កាន់តែពឹងផ្អែក​ទៅលើ​រុស្ស៊ី​​​ថែមទៀត សម្រាប់​ការផ្តល់​ថាមពលឧស្ម័ន ហើយក៏នឹង​ប្រថុយប្រថាន ក្នុងការបង្កឲ្យ​​មានការដាក់ទណ្ឌកម្ម​សងសឹក​​ពី​អាមេរិក​​ផងដែរ។

គួរជម្រាបថា ការបន្តគាំទ្ររបស់​អាមេរិក ចំពោះក្រុមប្រដាប់​អាវុធឃើដ YPG ដែលធ្វើសកម្មភាព​នៅភាគខាងជើង​ប្រទេសស៊ីរី ដែល​តួកគី​កំពុងបន្ត​ធ្វើប្រតិបត្តិការ​យោធាទ្រង់ទ្រង់ធំ ដើម្បីកម្ទេច​ចោលនោះ បានបង្ហាញ​យ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន​ និង​ទីក្រុង​អង់ការ៉ា នឹងត្រូវប្រឈមមុខ​ភាពតានតឹង​បន្តទៀត នៅក្នុង​ឆ្នាំនេះ៕