(ឡុងដ៍)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្ដែងការតវ៉ាជាខ្លាំង ទៅនឹងអ្វីដែលលោកផ្ទាល់ហៅថា ជាការធ្វើពាណិជ្ជកម្មមិនត្រឹមត្រូវរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ហើយលោកក៏បានព្រមានដែរថា ជម្លោះពាណិជ្ជកម្មអាចនឹងក្លាយជាបញ្ហាមួយដ៏ធំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់ លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ ជាមួយស្ថានីយទូរទស្សន៍អង់គ្លេស British TV កាលពីថ្ងៃអាទិត្យ។ ថ្លែងនាឱកាសនោះដែរ លោកត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមានបញ្ហាជាច្រើនជាមួយសហភាពអឺរ៉ុប ហើយរឿងបែបនេះ អាចនឹងក្លាយជាបញ្ហាមួយដ៏ធំ នៃការយល់ឃើញលើការធ្វើពាណិជ្ជកម្ម... លើសពីនេះទៀត យើងមិនអាចយកផលិតផលរបស់យើង ទៅកាន់សហភាពអឺរ៉ុបឡើយ វាពិតជាពិបាកខ្លាំងណាស់ ក៏ប៉ុន្តែពួកគេវិញបែរជាអាចនាំចូលផលិតផលរបស់ពួកគេ មកកាន់ប្រទេសរបស់ យើងដោយគ្មានពន្ធ ឬជាប់ពន្ធតិចតួច... នេះគឺជារឿងអយុត្តិធម៌បំផុត»។
គួររំលឹកជូនថា កាលពីពេលថ្មីនេះ លោក ដូណាល់ ត្រាំ បានស្នើឱ្យមានការរឹតបន្តឹងយ៉ាងខ្លាំង លើវិធានការពាក់ព័ន្ធនឹងពាណិជ្ជកម្មក្រៅប្រទេស ហើយជាឧទាហរណ៍ លោកបានចុះហត្ថលេខាលើសេចក្តីព្រាងមួយស្ដីពីច្បាប់ពន្ធដារថ្មីដែលមានគោលបំណងតម្លើងពន្ធនាំចូលយ៉ាងតិច ៣០ភាគរយ លើការនាំចូលផលិតផលម៉ាស៊ីនបោកគក់ និងផ្ទាំងសូឡាមកកាន់សហរដ្ឋអាមេរិក៕
https://s4.reutersmedia.net/resources/r/?m=02&d=20180128&t=2&i=1226095317&r=LYNXMPEE0R0TZ&w=1280