(វ៉ាស៊ីនតោន)៖ នាយកទីភ្នាក់ងារស៊ើបការសំងាត់ CIA លោក Mike Pompeo បានអះអាងថារុស្ស៊ីនឹងបន្តជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតសភាអាមេរិកពាក់កណ្ដាលអាណត្តិនៅ ឆ្នាំ២០១៨នេះ។ លោក Pompeo ថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន BBC ដែលចុះផ្សាយនៅថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ BBC កាលពីថ្ងៃចន្ទ លោក Mike Pompeo បានឱ្យដឹងទៀតថាមកទល់ពេលនេះ គ្មានសញ្ញាណាមួយបញ្ជាក់ថាទីក្រុងមូស្គូបោះបង់ចោលការ ព្យាយាមលូកដៃចូលក្នុងកិច្ចការបោះឆ្នោតនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ នាយក CIA រូបនេះបន្ថែមដូច្នេះថា៖ «យើងគឺជាសេវាកម្មចារកម្មដ៏ល្អបំផុតនៅក្នុងពិភពលោក ហើយយើង នឹងធ្វើការងាររបស់យើងឱ្យបានល្អ ក្នុងនាមប្រជាជនអាមេរិកដើម្បីទប់ស្កាត់រាល់ចេតនាអាក្រក់ មកលើសហរដ្ឋអាមេរិក»។ ទីភ្នាក់ងារចារកម្មអាមេរិកធ្លាប់បាននិយាយថាពួកគេជឿជាក់ ថារុស្ស៊ីបានជ្រៀតជ្រែកចូលក្នុងកិច្ចការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦ បើទោះជាទីក្រុងមូស្គូបដិសេធជាច្រើនក៏ដោយ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទម្សិលមិញ អ្នកពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកផងដែរថាកំពុងប្រើប្រាស់ការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹង ទីក្រុងមូស្គូ ដើម្បីជ្រៀតជ្រែកនិងធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមីនា ខាងមុខនេះ៕