(មូស្គូ)៖ អ្នកនំាពាក្យវិមានក្រឹមឡាំ លោក Dmitry Peskov បានថ្លែងកត់សម្គាល់ថា ការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរុស្ស៊ី គឺមានគោលបំណងធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមីនា ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨។
លោក Dmitry Peskov ថ្លែងបែបនេះនៅចំពេលមានសេចក្ដីរាយការណ៍ជាច្រើនថា ទីក្រុងវ៉ាស៊ីនតោន ប្រហែលជានឹងចេញរបាយការណ៍មួយពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ក៏ដូចជាការបន្ថែមឈ្មោះសហគ្រាស ឬក្រុមហ៊ុនរុស្ស៊ីមួយចំនួនទៅក្នុងបញ្ជីខ្មៅត្រូវជាប់ទណ្ឌកម្មអាមេរិក។ ដោយឡែកទាក់ទិននឹង ការបោះឆ្នោតប្រធានាធិបតី អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា វិមានក្រឹមឡាំមិនបានចាត់ទុកថា មេដឹកនាំបក្សប្រឆាំង លោក Alexeï Navalny ជាអ្នកគំរាមកំហែង ផ្នែកនយោបាយនោះទេ ហើយថាការធ្វើបាតុកម្មប្រឆាំងនឹងប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យ គ្រាន់តែជារឿងធម្មតា គ្មានអ្វីសំខាន់ឡើយ។
គួរបញ្ជាក់ថា បើតាមការស្ទង់មតិជាច្រើន លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី០៨ ខែមីនា នៅក្នុងបរិបទដែលមានការចោទប្រកាន់ជាច្រើនថា រដ្ឋាភិបាលរបស់លោកកំពុងធ្វើទុក្ខបុក្ខម្នេញលើបក្សប្រឆាំង៕