(កាប៊ុល)៖ ហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្តមួយគ្រឿង បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១០៣នាក់ស្លាប់ និងជាង ២៣៥នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន ABC ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ។ ខាងក្រោមនេះជាព័ត៌មានលម្អិតជុំវិញសោកនាដកម្មដ៏រន្ធត់នេះ៖
១៖ ហេតុការណ៍វាយប្រហារ
យោងតាមកាសែតធំៗរបស់បរទេសបានឱ្យដឹងដោយលើកឡើងនូវសំដីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Nasrat Rahim ថា អ្នកវាយប្រហារបានប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់ ដើម្បីជាលេសឆ្លងកាត់ទីតាំងត្រួតពិនិត្យសុវត្ថិភាព ដោយប្រាប់ប៉ូលីសថា ខ្លួនកំពុងដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យដែលនៅក្បែរទីតាំងកើតហេតុ។ បន្ទាប់មកជនបង្កបានបំផ្ទុះគ្រាប់បែកនៅទីតាំង ពិនិត្យសន្តិសុខបន្ទាប់តែម្តង។
អ្នកសារព័ត៌មាន BBC បានឱ្យដឹងថាជាទូទៅវាមិនមែនជារឿងងាយនោះទេ ក្នុងការឆ្លងកាត់ទីតាំងត្រួតពិនិត្យសុវត្ថិភាព។ រាល់រថយន្ត និងអ្នកបើកបរទាំងអស់ត្រូវបានត្រួតពិនិត្យ និងកំណត់អត្តសញ្ញាណយ៉ាងច្បាស់លាស់។ បន្ទាប់ពីហេតុការណ៍បំផ្ទុះបានកើតឡើង ផ្សែងក្រាស់ខ្មៅងងឹតបានគ្របដណ្តប់ពេញផ្ទៃមេឃ ។
២៖ ទីតាំង និងពេលវេលា
សាក្សីបានឱ្យដឹងថា ទីតាំងនៃការវាយប្រហារជាបណ្តុំនៃអគាររបស់មន្ត្រីសហភាពអឺរ៉ុប មន្ទីរពេទ្យ និងហាងលក់ទំនិញ ដែលគេឱ្យឈ្មោះថាវិថីមាន់ (Chicken Street) ។ តាមប្រភពប៉ូលីសបានឱ្យដឹងថា ហេតុការណ៍បំផ្ទុះនេះបានកើតឡើងនៅក្បែរច្រកចូលអតីតអគារក្រសួងមហាផ្ទៃ ដែលស្ថិតនៅចុងបំផុតនៃវិថីលក់ទំនិញដែលមានមនុស្សអ៊ូអរ។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨ នៅវេលាម៉ោង១២៖១៥នាទីថ្ងៃ(ម៉ោងក្នុងតំបន់)។
៣៖ ជនរងគ្រោះ
គិតត្រឹមថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨នេះ អ្នកស្លាប់បានកើនឡើងដល់១០៣នាក់ ខណៈដែលមនុស្ស២៣៥នាក់ផ្សេងទៀតរងរបួស។
៤៖ អ្នកប្រព្រឹត្ត
ពួកឧទ្ទាមតាលីបង់ បានប្រកាសទទួលស្គាល់ថា ខ្លួនជាអ្នកបង្កសោកនាដកម្មដ៏កម្រនេះ ក្នុងរដ្ឋធានី កាប៊ុល ដែលបណ្តាលឱ្យមានអ្នកស្លាប់ ច្រើនបំផុតសម្រាប់ឆ្នាំ២០១៨នេះ។ គណកម្មាធិការកាកបាទក្រហមអន្តរជាតិបានលើកឡើងថា ការប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់ដើម្បីបង្កហេតុ ជារឿងដ៏គួរឱ្យឈឺចាប់បំផុត។
៥៖ ការងារសង្គ្រោះ
មន្ទីរពេទ្យសង្គ្រោះបន្ទាន់ដែលដំណើរការដោយមូលនិធិអ៉ីតាលី មានភាពមមាញឹកជាខ្លាំងទៅក្នុងការសង្គ្រោះអ្នករបួស ហើយបានឱ្យដឹងថា ពួកគេបានសង្គ្រោះអ្នកជំងឺយ៉ាងហោចណាស់៥០នាក់ហើយ។ ក្រៅពីកម្លាំងសង្គ្រោះបន្ទាន់ ក៏មានការចូលរួមពីសំណាក់មនុស្សក្នុងតំបន់ផងដែរ។ ជាក់ស្តែងបុរសម្នាក់ដែលមានឈ្មោះថា Parwaiz Ihsan បានប្រាប់សារព័ត៌មាន ABC ថា «ខ្ញុំបានជួយ និងលើកជនរងគ្រោះប្រមាណពី៥០ ទៅ៦០នាក់ ហើយខ្ញុំទើបតែត្រឡប់មកវិញ ប៉ុន្តែរហូតមកទល់ពេលនេះនៅតែមានសាកសពជាច្រើនដេកស្តូកស្តឹងនៅទីនេះនៅឡើយ ដោយយើងមិនទាន់អាចលើកសាកសពទាំងនោះចេញបាននោះទេ»។
៦៖ ប្រតិកម្ម
រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរទៅលើហេតុការណ៍នេះថា ជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ព្រមទាំងបានចោទប្រកាន់ ទៅលើប្រទេសប៉ាគីស្ថាន ថាជាអ្នកនៅពីក្រោយហេតុការណ៍វាយប្រហារនេះ។ យ៉ាងនេះក្តីរដ្ឋាភិបាល ប៉ាគីស្ថានបានបដិសេធចំពោះការ ចោទប្រកាន់នេះ។ ដោយឡែកប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវឱ្យមានសកម្មភាពយ៉ាងតឹងរឹងប្រឆាំងក្រុមសកម្មជនទាំងនោះ បន្ទាប់ពីសោកនាដកម្មដ៏រន្ធត់នេះបានកើតឡើង។ សូមជម្រាបថា កាលពីសប្តាហ៍មុនក្រុមតាលីបង់ ក៏បានសម្លាប់មនុស្ស២២នាក់ ក្នុងសណ្ឋាគារដ៏ប្រណិតមួយក្នុងប្រទេស អាហ្វហ្គានីស្ថានផងដែរ។ ៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា