(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើង បានសម្រេចចិត្តលុបចោលការសម្តែងបែបវប្បធម៌រួមគ្នា ជាមួយនឹងប្រទេសកូរ៉េខាងត្បូង ដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី០៤ ខែកុម្ភៈខាងមុខនេះ ដោយបានស្តីបន្ទោសទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងថា បានលើកទឹកចិត្តឲ្យមានមតិមើលងាយបង្ខួចកិត្តិយសមកលើកូរ៉េខាងជើង, នេះបើតាមការបញ្ជាក់ឲ្យដឹង ពីក្រសួងសម្របសម្រួលរបស់កូរ៉េខាងត្បូង ហើយត្រូវបានចុះផ្សាយនៅយប់ថ្ងៃទី២៩ ខែមករានេះ ដោយភ្នាក់ងារសារព័ត៌មាន CGTN។
រដ្ឋាភិបាលទីក្រុង Seoul បានលើកឡើងថា ការសម្រេចចិត្តលុបចោលការសម្តែងរួមគ្នារបស់កូរ៉េខាងជើង គឺជា «ការគួរឲ្យសោកស្តាយបំផុត» ហើយបានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុង Pyongyang គួរតែប្រកាន់ខ្ជាប់នូវគ្រប់កិច្ចព្រមព្រៀងទាំងអស់ ដែលបានធ្វើឡើងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង៕