(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ការវាយប្រហាររបស់ក្រុមសកម្មយុទ្ធ នៅថ្ងៃចន្ទនេះ លើមូលដ្ឋានទ័ពអាហ្វហ្គានីស្ថានមួយកន្លែងស្ថិតនៅភាគខាងលិចនៃរដ្ឋធានីកាប៊ុលបានបញ្ចប់ទៅ ដោយបន្សល់ទុកមនុស្ស ០៥នាក់បាត់បង់ជីវិត ក្នុងនោះរួមមានទាំងកងកម្លាំងសន្តិសុខអាហ្វហា្គនីស្ថាន ០២នាក់ និងក្រុមសកម្មប្រយុទ្ធ ០៣នាក់ ខណៈកងកម្លាំងសន្តិសុខ១០នាក់ទៀតរងរបួស៕
២៖ របាយការណ៍ពីទីភ្នាក់ងារសង្គ្រោះជនភៀសខ្លួន នៃអង្គការសហប្រជាជាតិបានបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភ្លៀងមូសុងដែលបាន និងកំពុងចាប់ផ្តើមធ្លាក់ចុះ យ៉ាងគំហុក និងបង្កជាគ្រោះទឹកជំនន់ នៅតាមតំបន់ព្រំដែនបង់ក្លាដែសជាទីដែលជនភៀសខ្លួនរាប់សែននាក់កំពុងរស់នៅ ក្រោយភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ា៕
៣៖ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក សុង យាំងមូ (Song Young-moo) បានបង្ហាញពីក្ដីសង្ស័យថា កូរ៉េខាងជើងអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប៉ុន្តែទន្ទឹមគ្នាលោកក៏ បានព្រមានដែរថាកូរ៉េខាងជើងអាចនឹងត្រូវលុបចេញពីផែនទីពិភពលោក បើហ៊ានកម្រើកម្រាមដៃចុចប៊ូតុងនុយក្លេអ៊ែរ៕
៤៖ អាទិភាពនៃវិស័យអវកាសអាមេរិក ទំនងជានឹងត្រូវងាកចេញស្ថានីយអវកាសអន្តរជាតិ ISS ហើយបង្វែរទៅរកការបំពេញបេសកកម្មនៅឯឋានព្រះច័ន្ទវិញ៕
៥៖ មនុស្សយ៉ាងហោចណាស់ ០៤នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារមួយកាលពីថ្ងៃអាទិត្យ (ម៉ោងនៅសហរដ្ឋអាមេរិក) នៅឯកន្លែងលាងរថយន្ដ មួយកន្លែងស្ថិតនៅក្នុងតំបន់ មែលក្រូហ្វ (Melcroft) នៃរដ្ឋផេនស៊ីលវ៉ានៀ (Pennsylvania)៕
៦៖ មនុស្សយ៉ាងតិច ០២នាក់ស្លាប់ និង ០៧នាក់ទៀតបានរងរបួស នៅក្នុងគ្រោះអគ្គីភ័យមួយ ដែលបានឆាបឆេះសណ្ឋាគារមួយកន្លែង លើកោះ អូលខុន (Olkhon Island) លើផ្ទៃបឹងយក្ស បៃកាល់ (Baikal) នៃប្រទេសរុស្ស៊ី៕