(ហ្ស៊ឺណែវ)៖ របាយការណ៍ពីទីភ្នាក់ងារសង្គ្រោះជនភៀសខ្លួន នៃអង្គការសហប្រជាជាតិបានបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភ្លៀងមូសុងដែលបាន និងកំពុងចាប់ផ្តើមធ្លាក់ចុះយ៉ាងគំហុក និងបង្កជាគ្រោះទឹកជំនន់ នៅតាមតំបន់ព្រំដែនបង់ក្លាដែស ជាទីដែលជនភៀសខ្លួនរាប់សែននាក់កំពុងរស់នៅ ក្រោយភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាល្ងាចថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨។
របាយការណ៍បានបន្តថា បច្ចុប្បន្នជនជាតិរ៉ូហ៊ីងយ៉ាសរុបប្រមាណ ៩០០,០០០នាក់ កំពុងតែជ្រកកោណក្នុងជុំរុំ Bazar ជាតំបន់ព្រំដែនបង់ក្លាដែស ជាប់ហ្នឹងមីយ៉ាន់ម៉ា ខណៈដែលជនភៀសខ្លួនចំណូលថ្មី នាប៉ុន្មានខែចុងក្រោយនេះ គឺមានចំនួនសរុបរហូតដល់ទៅ ៦៨៨,០០នាក់ ពីលើជនភៀសខ្លួនស្រាប់តែជាង ១០០,០០០នាក់ តែប៉ុណ្ណោះ។
ចំពោះគ្រោះទឹកជំនន់ បានកើតឡើងទៅតំបន់មួយផ្នែក នៃតំបន់ព្រំដែន Bazar ខាងលើនេះ ដែលមានជនភៀសខ្លួនរហូតដល់ទៅជាង ១០០,០០០នាក់ ជ្រកកោណ ហេតុដូច្នេះទីភ្នាក់ងារមនុស្សធម៌អង្គការសហប្រជាជាតិ បានសំណូមពរឲ្យអាជ្ញាធរបង់ក្លាដែស ធ្វើការជម្លៀសពួកគេបន្តទៅកាន់តំបន់ទីទួលផ្សេង ដែលមានសុវត្ថិភាព។
គួរបញ្ជាក់ថា ដោយសារតែមហន្តរាយខាងលើនេះ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាសរុប ៤,៨៦៥នាក់ ហើយធ្លាក់ខ្លួនឈឺ និង ៣៥នាក់បាត់បង់ជីវិត ដោយសារតែជំងឺអាសន្នរោគ។ អង្គការសុខភាពពិភពលោក WHO បានអះអាងថា ជនជាតិរ៉ូហ៊ីងយ៉ាសរុបជាង ៥០០,០០០នាក់ ត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺរួចរាល់ ខណៈកុមារប្រមាណ ៣៥០,០០០នាក់ ចាប់ផ្តើមទទួលការចាក់វ៉ាក់សាំង តាំងតែពីថ្ងៃសៅរ៍សប្តាហ៍មុន៕