(អង់ការ៉ា)៖ នាប៉ុន្មានថ្ងៃមុននេះ អ្នកនាំពាក្យរបស់សភាតួកគីលោក Ismail Kahraman ចាត់ទុកការវាយប្រហារយោធាតួកគីប្រឆាំងនឹងក្រុមប្រដាប់អាវុធឃើដ ដែលមានអាមេរិកជាខ្នងបង្អែក នៅភាគខាងជើងតំបន់ Afrin នៃប្រទេសស៊ីរី ថាជាការធ្វើ «ជីហាដ» ដែលសំដៅលើការធ្វើសង្រ្គាមសាសនា ប្រឆាំងនឹងបច្ចាមិត្តនានារបស់អ៊ីស្លាម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Turkish Minute នៅរសៀលថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨។
ការប្រើពាក្យអ៊ីស្លាមដែលមានន័យថា « ការធ្វើសង្គ្រាមសាសនាដើម្បីកម្ចាត់សត្រូវទាំងពួងរបស់អ៊ីស្លាម» ខាងលើនេះដោយលោក Kahrama បានកើតឡើងចំពេលដែលមានការវាយប្រហារជាសម្តីធ្ងន់ ទៅលើបណ្តាគណបក្សនយោបាយ ក៏ដូចជាចលនាឃើដនៅក្នុងប្រទេសស៊ីរី និងតួកគី ពីសំណាក់ស្ថាប័នរដ្ឋាភិបាលរបស់តួកគី។
«មើលចុះ! យើងកំពុងស្ថិតនៅក្នុងតំបន់ Afrin... យើងជារដ្ឋដ៏ធំមួយ។ បើមិនមានជីហាដទេនោះ វានឹងពុំអាចមានការវិវត្តទៅមុខនោះទេ ដោយពុំមាននរណាម្នាក់ ដោយឈរលើជើងទាំងពីររបស់ពួកគេ ដោយឯកឯងបានឡើយ។» នេះគឺជាសម្តីរបស់ លោក Kahraman ដែលបាននិយាយលើកសសើរយុទ្ធនាការយោធាប្រឆាំងនឹង ក្រុមប្រដាប់អាវុធឃើដ YPG ដែលសហរដ្ឋអាមេរិកបានបង្វឹក និងផ្គង់ផ្គង់សព្វាវុធឲ្យ នៅក្នុងសង្គ្រាមកម្ចាត់ក្រុមភេរវករ ISIS នៅប្រទេសអ៊ីរ៉ាក់និងស៊ីរី។
យោងតាមរបាយការណ៍របស់វែបសាយ Kurdistan24 ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានលើកឡើងថា កងកម្លាំង YPG និងគណបក្សពលករ PKK ព្រមទាំងពួក ISIS គឺសុទ្ធតែគ្មាន សាសនា ជំនឿ ឬក៏ ព្រះជាម្ចាស់ដើម្បីគោរពប្រតិបត្តិនោះឡើយ។
កាលពីអំឡុងពេលថ្វាយបង្គុំនាចុងសប្តាហ៍នេះ ការធ្វើធម្មទេសនានៅតាមព្រះវិហារអ៊ីស្លាមចំនួន៩០,០០០កន្លែង ទូទាំងប្រទេស បានផ្តោតសំខាន់លើសាមគ្គីភាពជាតិ និងជ័យជម្នះផ្នែកយោធាកាលពីអតីតកាលរបស់តួកគី ហើយលោក Imams បានស្នើសុំឱ្យកងទ័ពតួកគីនឹងទទួលជ័យជម្នះនៅក្នុងតំបន់ Afrin ថែមទៀត។
គួរជម្រាបថាកាលពីសប្តាហ៍មុន នៅពេលដែលរដ្ឋាភិបាលទីក្រុងអង់ការ៉ា បានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយ ដែលមានឈ្មោះថា Operation Olive Branch ក្នុងដណ្តើមយកតំបន់ Afrin ពីក្រុម YPG នោះ ស្ថាប័នកំពូលផ្នែកសាសនាប្រចាំតួកគី Diyanet បានចេញបញ្ជាឱ្យបុព្វជិតទាំងអស់ នៅទូទាំងប្រទេស ធ្វើការអានជំពូកទី៤៨ នៃព្រះគម្ពីគូរអាន ដែលជាជំពូកនៃការច្បាំងដណ្តើមទឹកដី។
ក្នុងសង្រ្គាមនេះ បានបញ្ចាក់ឱ្យឃើញយ៉ាងច្បាស់ថា លោកប្រធានាធិបតីតួកគី Erdogan គឺពិតជាបានប្រើប្រាស់សាសនា ដើម្បីបំភ័ន្តភ្នែកមនុស្សទាំងអស់គ្នា នៅក្នុងការវាយដណ្តើមយកទីក្រុង Afrin របស់ប្រទេសស៊ីរី៕