(ម៉ូស្គូ)៖ មនុស្សយ៉ាងតិច ០២នាក់ស្លាប់ និង ០៧នាក់ទៀតបានរងរបួស នៅក្នុងគ្រោះអគ្គីភ័យមួយ ដែលបានឆាបឆេះសណ្ឋាគារមួយកន្លែង លើកោះ អូលខុន (Olkhon Island) លើផ្ទៃបឹងយក្ស បៃកាល់ (Baikal) នៃប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨។
បើតាមប្រភពព័ត៌មានពីក្រុមអ្នកជួយសង្រ្គោះ ហេតុការណ៍នេះបានកើតឡើងនៅក្នុងសណ្ឋាគារខាងលើ ដែលមានផ្ទុកភ្ញៀវជាជនជាតិកូរ៉េខាងត្បូងចំនួន០៨នាក់, ចិន២៤នាក់ និងរុស្ស៊ី០២នាក់។ យ៉ាងណាមិញ អ្នកដែលបានបាត់បង់ជីវិតពុំទាន់ត្រូវបានគេដឹងថា មកពីប្រទេសណាខ្លះនៅឡើយទេ ខណៈបើតាមសេចក្តីរាយការណ៍ជាបឋម ជនជាតិចិន០២នាក់ ត្រូវគេជឿជាក់ថា ស្ថិតក្នុងចំណោមនោះ។
ជាមួយគ្នានេះ ជនជាតិចិនម្នាក់ ដែលបានទទួលរងរបួស នៅក្នុងគ្រោះអគ្គិភ័យខាងលើ បានវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញហើយ ដោយជាមួយការជួយសម្របសម្រួល ពីស្ថានកុលស៊ុលចិនប្រចាំនៅរុស្ស៊ី ក្រោយពីទទួលបានការព្យាបាលនៅមន្ទីរពេទ្យក្នុងក្រុង អ៊ីគូតក៍ (Irkutsk)។ បន្ថែមពីនេះទៀត មនុស្ស០៥នាក់ ដោយក្នុងនោះរួមមានភ្ញៀវទេសចរកូរ៉េខាងត្បូង០៤នាក់ ក៏ទទួលបានព្យាបាល ហើយស្ថិតនៅស្ថានភាពនឹងនរផងដែរ។
គួរជម្រាបថា កោះ Olkhon គឺជាកោះធំជាងគេបង្អស់នៅក្នុងបឹងដ៏ធំ Lake Baikal ដែលស្ថិតក្នុងតំបន់ ស៊ីប៊ឺរី (Siberia) ភាគខាងកើត ហើយវិស័យទេសចរណ៍ គឺជាផ្នែកយ៉ាងសំខាន់នៃសេដ្ឋកិច្ចតំបន់នេះ៕