(ម៉ូស្គូ)៖ ប្រធានាធិបតីហ្វាំងឡង់ ដែលទើបតែជាប់ឆ្នោតជាថ្មីម្ដងទៀតនាអាណត្តទីពីរ គឺលោក សូលី នីអ៊ីនីស្តូ (Sauli Niinisto) បាននិយាយថា មិនមានហេតុផលណាមួយ សម្រាប់ឱ្យប្រទេសរបស់លោក ផ្លាស់ប្ដូរគោលនយោបាយ ចំពោះប្រទេសរុស្ស៊ីនោះទេ ស្របពេលទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងវិវឌ្ឍន៍ទៅមុខយ៉ាងល្អ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យ លោក Sauli Niinisto បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមើលមិនឃើញឡើយថា មានហេតុផលណាមួយឱ្យយើងផ្លាស់ប្ដូរគោលនយោបាយចំពោះរុស្ស៊ី។ មួយវិញទៀត បើទោះជាយើងមានការខ្វែងគំនិតគ្នាជាច្រើន ពាក់ព័ន្ធនឹងស្ថានភាព នៅតំបន់ភាគខាងតើតប្រទេសអ៊ុយក្រែន និងតំបន់គ្រីមៀក៏ដោយ ក៏ប៉ុន្តែការអភិវឌ្ឍនៃទំនាក់ទំនងល្អ ជាមួយអ្នកជិតខាង គឺជារឿងសំខាន់»។
លើសពីនេះទៅទៀត លោក Niinisto ក៏បានអះអាងផងដែរថា ជ័យជម្នះរបស់លោកក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យគឺមានន័យថា ប្រជាជនហ្វាំងឡង់ នៅតែពេញចិត្តនឹងគោលនយោបាយរបស់លោក។
គួរបញ្ជាក់ថា បើតាមក្រសួងយុត្តិធម៌ហ្វំាងឡង់ លោក Sauli Niinisto បានជាប់ឆ្នោតជាប្រធានាធិបតីជាថ្មីម្ដងទៀត ជាមួយសំឡេងគាំទ្រ ៦២.៧ភាគរយ នៃសំឡេងឆ្នោតទាំងអស់ ខណៈគូប្រជែងសំខាន់របសលោក ទទួលបានសន្លឹកឆ្នោតតិចជាង ១៥ភាគរយ ដែលសំឡេងដាច់ឆ្ងាយបំផុត៕