​(កាប៊ុល)៖ ការវាយប្រហារ​របស់ក្រុមសកម្មយុទ្ធ​ទាំងព្រឹកព្រលឹម នៅថ្ងៃចន្ទនេះ លើមូលដ្ឋានទ័ព​​អាហ្វហ្គានីស្ថាន​មួយកន្លែង ស្ថិតនៅភាគខាងលិច​នៃរដ្ឋធានីកាប៊ុល បានបញ្ចប់​ហើយ​ ដោយបន្សល់​ទុកមនុស្ស ០៥នាក់ បាត់បង់ជីវិត ក្នុងនោះរួមមាន​ទាំងកងកម្លាំង​សន្តិសុ​ខអាហ្វហា្គនីស្ថាន ០២នាក់ និងក្រុមសកម្មប្រយុទ្ធ ០៣នាក់ ខណៈកងកម្លាំងសន្តិសុខ១០នាក់ ទៀតរងរបួស។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨។

ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួន ក្រសួងការពារជាតិ​អាហ្វហ្គានីស្ថាន បានឱ្យដឹងថា ក្រុម​សកម្មប្រយុទ្ធ​មានគ្នា ០៥នាក់ បានវាយឆ្មក់​លើកងសេនាតូច​មួយ នៃកងពលធំ​លេខ១១១ នៅក្នុង​តំបន់ Charrah-i-Qambar ស្ថិតនៅក្នុង​កងអង្គភាព​ប៉ូលិសទី ៥ នៃរដ្ឋធានី​កាប៊ុល នៅ​ម៉ោង ០៥៖០០នាទីព្រឹក (ម៉ោងនៅ​ក្នុងតំបន់)។ ការវាយប្រយុទ្ធ​គ្នា បាន​ចាយពេលអស់ជាច្រើន​ម៉ោង ទម្រាំតែ​កងកម្លាំងសន្តិសុខ ​អាចគ្រប់គ្រង​ស្ថានការណ៍ ​បានឡើងវិញ​ទាំងស្រុង។ ប៉ុន្តែព្រមពេល​ជាមួយគ្នា ក្រសួងការពារជាតិ​ក៏បានទទួលស្គាល់​ដែរថា កងកម្លាំងសន្តិសុខ​របស់ខ្លួន ០២នាក់​បានស្លាប់ និង ១០នាក់ទៀត​រងរបួស។

គួរបញ្ជាក់ថា ក្រសួងការពារជាតិ​អាហ្វហ្គានីស្ថាន បានទាត់ចោល​សេចក្ដីរាយការណ៍ដែល ពួកសកម្មប្រយុទ្ធ​បានវាយប្រហារ​លើសាកលវិទ្យាល័យ​ការពារជាតិ Marshal Fahim National Defense University ហើយថា ការពិតពួកសកម្មប្រយុទ្ធ​មានគោលដៅ​លើ កងសេនាតូច​មួយ នៃកងពលធំ លេខ ១១១។ បន្ថែមពីលើ​នេះពួក ISIS ត្រូវបាន​គេរាយការណ៍ ថាអ្នកនៅពីក្រោយ​ការវាយប្រហារនេះ ដែលកើតឡើង​តែជាងពីរថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពីការ​វាយប្រហារ ដោយបំផ្ទុះ​គ្រាប់បែកអត្តឃាតរបស់ពួក​តាលបង់ បានផ្ដាច់យកអាយុ​ជីវិតមនុស្ស ១០៣នាក់ និង ២៣៥នាក់ ទៀតរងរបួសកាល​ពីថ្ងៃសៅរ៍សប្តាហ៍មុន៕

http://img1-azcdn.newser.com/getimage.aspx?docid=197577b31d1443cda3855b74bb631c2c&source=a&width=654&height=999999&crop=n