(វ៉ាស៊ីនតោន)៖ រយៈពេលមួយឆ្នាំមកនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្លាស់ប្ដូរការយល់ឃើញរបស់តំបន់អាស៊ី មកលើសហរដ្ឋអាមេរិក ហើយសូម្បីតែសម្ព័ន្ធមិត្ត ដែលជាមូលដ្ឋានគ្រឹះនៃអំណាចអាមេរិកនៅអាស៊ី ដូចជាជប៉ុន អូស្ត្រាលី និងកូរ៉េខាងត្បូង ក៏បានបាត់បង់ជំនឿបន្តិចបន្តួច លើទីក្រុងវ៉ាស៊ីនតោនផងដែរ កាលពីឆ្នាំ២០១៧។ នេះបើតាមការស្ទង់មតិពីវិទ្យាស្ថាន Gallup ដែលត្រូវបាន CNN ចុះផ្សាយនៅក្នុងខែមករា ដើមឆ្នាំ២០១៨។
គ្មានឡើយការដកកងទ័ព ឬបរិក្ខាយោធា ហើយក៏គ្មានដែរការបិទស្ថានទូតអាមេរិក ប៉ុន្តែដោយសារតែគោលនយោបាយតម្កល់ផលប្រយោជន៍អាមេរិកមុនគេ ឬ «America First» វាកំពុងធ្វើឱ្យតួនាទី និងឥទ្ធិលពលអាមេរិកនៅក្នុងតំបន់ ចាប់ផ្ដើមរង្គោះរង្គើរ ខណៈចិននឹងចាប់យកឱកាសនេះ ក្ដោបក្ដាប់តំបន់អាស៊ី។ «គឺនៅឱកាសខួបលើកទី១០០ នៃគណបក្សកុម្មុយនីស្ដចិននៅខែកក្កដា ឆ្នាំ២០២១ ខ្ញុំគិតថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងប្រកាសប្រាប់ប្រជាជនរបស់លោកថា ចិនបានក្លាយជាមហាអំណាចគ្រប់គ្រងតំបន់អាស៊ី។ នេះបើតាម លោកស្រី Chisuke Masuo សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Kyushu University ថ្លែងប្រាប់ CNN។
* តំបន់អាស៊ីអាគ្នេយ៍៖ ការបំភ្លេចជម្លោះ
បច្ចុប្បន្នតំបន់អាស៊ីអាគ្នេយ៍ គឺជាចំណុចប្រទាញប្រទង់រវាងសហរដ្ឋអាមេរិក និងចិន។ ជាឧទាហរណ៍នោះ គឺការប្រជែងគ្នាដណ្ដើមគ្រប់គ្រងតំបន់សមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងវ៉ាស៊ីនតោន កំពុងគំាទ្របណ្ដាប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៥ ដែលជាភាគីជម្លោះជាមួយចិន ដូចជាវៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ។ ក៏ប៉ុន្តែចាប់តាំងពីលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក ភាពតានតឹងហាក់ដូចជាធូរស្រាល ខណៈទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ផ្ដោតសំខាន់តែសំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើង។
ចំណែកឯ លោក Ian Storey មកពីវិទ្យាស្ថាន ISEAS Yusof Ishak យល់ថា ចិនបានកាត់បន្ថយការពង្រីកសកម្មភាពរបស់ខ្លួនមួយរយៈ នៅសមុទ្រចិនខាងត្បូង នៅអំឡុងពេលវិបត្តិកូរ៉េខាងជើងពិតមែន ប៉ុន្តែទន្ទឹមគ្នាទីក្រុងប៉េកាំង ក៏បានចាប់យកឱកាសនេះបន្តតម្លើងប្រព័ន្ធរ៉ាដា និងបរិក្ខាយោធា នៅក្នុងតំបន់សមុទ្រចិនខាងត្បូងផងដែរ។
* តំបន់អាស៊ីខាងកើត៖ ការជ្រៀតជ្រែកចូលក្នុងឥទ្ធិពលអាមេរិក
អំណាចដ៏សំខាន់របស់សហរដ្ឋអាមេរិក ទាំងការទូត និងយោធាកំពុងផ្ដោតសំខាន់លើតំបន់ឧបទ្វីបកូរ៉េ។ កាលពីឆ្នាំ២០១៧ កូរ៉េខាងជើងបានប្រកាសថា ខ្លួនបានផលិតដោយជោគជ័យនូវមីស៊ីលឆ្លងទ្វីប ICBM មានសមត្ថភាពបាញ់ដល់ដីគោកអាមេរិក ហើយនេះបានបង្កទៅជា សង្រ្គាមពាក្យសម្ដីជាបន្តបន្ទាប់រវាង លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ដោយម្ខាងថា នឹងកម្ទេចភាគីម្ខាងឱ្យក្លាយជាផេះ រីម្ខាងទៀតថា នឹងប្រឹងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររហូតដល់សម្រេចគោលដៅ។
ប៉ុន្តែសង្រ្គាមពាក្យសម្ដីនេះ បានធ្វើឱ្យអ្នកជំនាញជាច្រើន មើលឃើញពីទង្វើអសមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង។ តួយ៉ាង លោក John Park ជានាយកក្រុមការងារកូរ៉េ នៃសាលា Harvard Kennedy School បានលើកឡើងដូច្នេះថា «វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើងបច្ចុប្បន្ន កំពុងបង្ហាញយ៉ាងថា សហរដ្ឋអាមេរិក ត្រូវធ្វើអ្វីម្យ៉ាងដើម្បីបង្កើនអំណាចរបស់ខ្លួន ដើម្បីបញ្ឈប់កូរ៉េខាងជើងពីការធ្វើតេស្ដមីស៊ីល ឬអាវុធនុយក្លេអ៊ែរ»។
យ៉ាងណាក៏ដោយ ស្របពេលអន្តរជាតិ និងសហរដ្ឋអាមេរិកផ្ដោតសំខាន់លើតំបន់ឧបទ្វីបកូរ៉េ ចិនវិញអាចនឹងធ្វើតេស្ដពីឥទ្ធិពលអាមេរិក តាមរយៈចំណុចប្រទាញប្រទង់ ដាច់ដោយ ឡែកពីគ្នានៅក្នុងអាស៊ីខាងកើត។ ជាក់ស្ដែងនៅក្នុងសុន្ទរកថា នៅឯសមាជលើកទី១៩ នៃបក្សកុម្មុយនីស្ដចិន កាលពីខែតុលាកន្លងទៅ លោក ស៊ី ជិនពីង បាននិយាយថា ការបង្រួប បង្រួមតៃវ៉ាន់ជាមួយចិនដីគោក គឺជាផ្នែកមួយដ៏សំខាន់នៃផែនការរបស់ចិន ហើយនៅដើមឆ្នាំ២០១៨នេះទៀតសោត ទីក្រុងប៉េកាំងបានធ្វើតេស្ដប្រតិកម្មអាមេរិកថ្មីមួយទៀត តាមរយៈ ការប្រកាសបើកផ្លូវអាកាសថ្មីមួយ នៅច្រកសមុទ្រតៃវ៉ាន់ ដោយមិនបានពិគ្រោះជាមួយរដ្ឋាភិបាលទីក្រុងតៃប៉ិឡើយ។
«រឿងមួយដែលសំខាន់ មិនអាចផ្លាស់ប្ដូររបស់ចិន នោះគឺតំណែងរបស់តៃវ៉ាន់... ពួកគេតែងតែគិតថា តៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន... ដូច្នេះនៅពេលដែលចិនមានឥទ្ធិពល និងកាន់តែរឹងមំា ហើយសហរដ្ឋអាមេរិកចុះទន់ខ្សោយ នោះទីក្រុងប៉េកាំងនឹងធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយ»។ នេះជាការលើកឡើងរបស់សាស្ត្រាចារ្យមកពី University of Hong Kong លោក Xu Guoqi។
* អាស៊ីខាងត្បូង៖ យោធាផ្ដោតលើការផ្លាស់ប្ដូរ
នៅក្នុងឆ្នាំ២០១៨នេះ ឧត្ដមសេនីយឥណ្ឌា លោក Bipin Rawat បាននិយាយជាសាធារណៈថា បច្ចុប្បន្នជាពេលដែលឥណ្ឌា ត្រូវផ្លាស់ប្ដូរវិស័យការពារជាតិរបស់ខ្លួន ដោយផ្ដោត សំខាន់លើព្រំដែនខាងជើងជាប់ជាមួយចិន។ លោក Rawat បានគូសបញ្ជាក់ក្នុងទីក្រុងញូដេលី កាលពីថ្ងៃទី១២ ខែមករាដូច្នេះថា «ឥណ្ឌាមានសមត្ថភាពដោះស្រាយជាមួយចិន ហើយដ្បិតតែចិនជាមហាអំណាចមួយ តែយើងក៏មិនមែនជាប្រទេសទន់ខ្សោយដែរ»។ ដោយឡែក ជុំវិញបញ្ហានេះដែរ លោក Bharat Karnad ជាសាស្ត្រាចារ្យស្រាវជ្រាវម្នាក់មកពី វិទ្យសា្ថនស្រាវជ្រាវគោលនយោបាយ ក្នុងទីក្រុងញូដេលី បានអះអាងថា ការលើកឡើងរបស់ លោក Bipin Rawat ពិតជាមានសារៈសំខាន់ និងគួរតែនិយាយជាយូរមកហើយ។
លោក Karnad កត់សម្គាល់យ៉ាងដូច្នេះថា «យើងគួតែផ្លាស់ប្ដូរយោធារបស់យើង ដោយផ្តោតពីប៉ាគីស្ថាន ងាកទៅរកចិនវិញ ហើយនេះជារឿងដែលយើងត្រូវធ្វើកាលពីជាង ៣០ឆ្នាំមុនមកម្ល៉េះ»។ មួយវិញទៀត បើតាមសាស្ត្រាចារ្យរូបនេះ ឥណ្ឌា និងប្រទេសជាច្រើនក្នុងតំបន់អាស៊ីដូចជា ជប៉ុន បាននិងកំពុងចាត់ទុកថា សហរដ្ឋអាមេរិកកំពុងអស់ឥទ្ធិពល ហើយក៏មិនអាច ពឹងផ្អែកទាំងស្រុងលើសហរដ្ឋអាមេរិក ឲ្យជួយការពារដូចពេលមុនៗទៀតដែរ។
គួរបញ្ជាក់ថា ដោយសារតែគោលនយោបាយតម្កល់ផលប្រយោជន៍អាមេរិកមុនគេ លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពី កិច្ចព្រៀងពាណិជ្ជកម្ម TPP ក៏ដូចជាប្រកាសផ្ដាច់ជំនួយយោធាជាង ១ពាន់លានដុល្លារ ដល់ប៉ាគីស្ថាន ខណៈចិនកំពុងពង្រឹងចំណងមិត្តភាព ជាមួយប្រទេសក្បែរខាងឥណ្ឌា ដូចជាស្រីលង្កា មីយ៉ាន់ម៉ា និងប៉ាគីស្ថាន តាមរយៈអំណាចទឹកលុយ និងគោលនយោបាយសេដ្ឋកិច្ចខែ្សក្រវាត់ និងផ្លូវ របស់លោក ស៊ី ជិនពីង៕