(សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក សុង យាំងមូ (Song Young-moo) បានបង្ហាញពីក្ដីសង្ស័យថា កូរ៉េខាងជើងអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប៉ុន្តែទន្ទឹមគ្នាលោកក៏បានព្រមានដែរថា កូរ៉េខាងជើងអាចនឹងត្រូវលុបចេញពីផែនទីពិភពលោក បើហ៊ានកម្រើកម្រាមដៃចុចប៊ូតុងនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨។
លោក Song Young-moo ថ្លែងបែបនេះ នាឱកាសចូលរួមកិច្ចប្រជុំនៅឯវេទិកាសន្តិសុខ នៅថ្ងៃចន្ទនេះ រៀបចំឡើងនៅក្នុងប្រទេសសិង្ហបុរី។ លោក Song បានលើកឡើងយ៉ាងដូច្នេះថា «របបដឹកនាំកូរ៉េខាងជើង អាចនឹងត្រូវលុបចេញពីផែនទីពិភពលោក បើសិនជាទីក្រុងព្យុងយ៉ាង ហ៊ានប្រើប្រាស់អាវុធនុយក្លេអ៊ែរ វាយប្រហារលើកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក»។
ជាងនេះទៅទៀង ប្រមុខការពារជាតិរូបនេះក៏បានច្រានចោលផងដែរ ចំពោះការគំរាមរបស់លោក គីម ជុងអ៊ុន ជុំវិញការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយលោកបានហៅថា នេះគ្រាន់តែជាយុទ្ធសាស្ត្រឃោសនា និងគ្មានថ្ងៃកើតឡើងឡើយ។ «វាគ្រាន់តែជាគំនិតស្រមើស្រមៃប៉ុណ្ណោះ ដែលថា កូរ៉េខាងជើងនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីបង្រួបបង្រួមប្រទេសកូរ៉េទាំងពីរ»។ នេះបើតាមសម្តី លោក Song Young-moo។
គួរបញ្ជាក់ថា កាលពីចុងសប្ដាហ៍កន្លងទៅ លោក Song Young-moo បានជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis នៅឯរដ្ឋហាវ៉ៃ ហើយនាឱកាសនោះដែរ ប្រមុខការពារជាតិទាំងពីរ បានអះអាងជាថ្មីពីការប្ដេជ្ញាចិត្ត ក្នុងការប្រឈមមុខជាមួយកូរ៉េខាងជើង ក្នុងករណីមានការគំរាមកំហែងណាមួយ ដល់សន្តិភាពនៅលើតំបន់ឧបទ្វីបកូរ៉េ៕