(វ៉ាស៊ីនតោន)៖ មនុស្សយ៉ាងហោចណាស់ ០៤នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារមួយកាលពីថ្ងៃអាទិត្យ (ម៉ោងនៅសហរដ្ឋអាមេរិក) នៅឯកន្លែងលាងរថយន្ដមួយកន្លែង ស្ថិតនៅក្នុងតំបន់ មែលក្រូហ្វ (Melcroft) នៃរដ្ឋផេនស៊ីលវ៉ានៀ (Pennsylvania)។ នេះបើតាមសម្តីមន្ត្រីប៉ូលិសអាមេរិកដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៩។
យោងតាមប៉ូលិសអាមេរិក ជនរងគ្រោះត្រូវបានកំណត់អត្តសញ្ញាណមានឈ្មោះដូចជា William Scott Porterfield, Chelsie Lou Cline, Seth William Cline និង Courtney Sue រួមទាំងស្ត្រីជាអ្នកដំណើរម្នាក់ផ្សេងទៀត បានរងរបួស។ ចំណែកឯ ជនសង្ស័យមានឈ្មោះថា Timothy Smith អាយុ ២៨ឆ្នាំ ហើយរូបគេបានរងរបួសចំក្បាល និងមិនមានសង្ឃឹមថា អាចនៅរស់រានមានជីវិតឡើយ ខណៈប៉ូលិសអះអាងថា របួសនេះគឺត្រូវបានបង្កឡើងដោយខ្លួនឯង។
គួរបញ្ជាក់ថា ប៉ូលិសអាមេរិកមិនទានកំណត់ពីមូលហេតុជាក់លាក់ នៃការបាញ់ប្រហារនេះនៅឡើយទេ ប៉ុន្តែបើតាមក្រុមគ្រួសារជនរងគ្រោះ ការបាញ់ប្រហារនេះកើតឡើងដោយសារតែ ជម្លោះក្នុងគ្រួសារ៕