(ឡុងដ៍)៖ ទីក្រុងវ៉ាស៊ីនតោន នឹងក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់ជាងគេរបស់ទីក្រុងឡុងដ៍ ក្រោយពីចក្រភពអង់គ្លេស ចែកផ្លូវគ្នាពីសហភាពអឺរ៉ុប។ នេះបើតាមការអះអាងដោយផ្ទាល់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨។
ថ្លែងក្នុងបទសម្ភាសន៍អន្តជាតិជាលើកដំបូង ជាមួយស្ថានីយទូរទស្សន៍អង់គ្លេស UK ITV គិតចាប់តាំងតែពីរូបលោក បានឡើងកាន់អំណាចកាលពីខែមករា ឆ្នាំ២០១៧មក លោក ដូណាល់ ត្រាំ បានសន្យាថា នឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយឲ្យបានជាមួយចក្រភពអង់គ្លេស។
ក្នុងអំឡុងនៃការធ្វើសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី ថេរ៉េសា ម៉ាយ (Theresa May លោក ត្រាំ ក៏ធ្លាប់បានអះអាងផងដែរថា ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចក្រអង់គ្លេស នឹងមានភាពប្រសើរឡើងយ៉ាងឆាប់រហ័ស នៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំខាងមុខនេះ។
គួរជម្រាបថា ការដកខ្លួនចេញរបស់ចក្រភពអង់គ្លេស ពីសហភាពអឺរ៉ុប ត្រូវគេកំណត់ថា នឹងធ្វើឡើងនៅអំឡុងចុងខែមីនា ឆ្នាំ២០១៩ ដោយក្នុងនោះរួមទាំងការចរចា ដើម្បីបង់ប្រាក់ចាកចេញ ដែលអង់គ្លេសអាចនឹងត្រូវចំណាយរហូតដល់ ៣០ពាន់លានដុល្លារ ជាប្រាក់លះលែង៕