(សេអ៊ូល)៖ ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូង KMA បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៣.២រ៉ិចទ័រ បានវាយប្រហារលើប្រទេសកូរ៉េខាងជើង ប៉ុន្តែវាហាក់ដូចជាមិនមែនជាការធ្វើតេស្ដអាវុធនុយក្លេអ៊ែរនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨។
យោងតាម KMA គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅម៉ោង ៨៖០៧នាទីយប់ កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) និងមានជម្រៅនៅរញ្ជួយ ០៦គីឡូម៉ែត្រ ព្រមទាំងស្ថិតនៅចំងាយ ១៦គីឡូម៉ែត្រ ពីភាគអាគ្នេយ៍តំបន់ Changjin នៃខេត្ត Hamgyong ខាងត្បូងរបស់កូរ៉េខាងជើង។ ប៉ុន្តែទន្ទឹមគ្នាទីភ្នាក់ងារឧតុនិយមមួយនេះ ក៏បានបញ្ជាក់ដែរថា គ្រោះរញ្ជួយដីកើតឡើងដោយធម្មជាតិ មិនមែនបង្កឡើងដោយការធ្វើតេស្ដអាវុធនុយក្លេអ៊ែរនោះទេ។
គួរបញ្ជាក់ថា បើតាម KMA គ្រោះរញ្ជួយដីសិប្បនិម្មិត នៃការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ជាធម្មតាវាបង្កើតជារលកសំឡេង តែគ្រោះរញ្ជួយដីនេះមិនបានបង្កជារលកសំឡេងអ្វីឡើយ៕