(កាប៊ុល)៖ អាជ្ញាធរអាហ្វហ្គានីស្ថាន បានឱ្យដឹងថា ចំនួនមនុស្សស្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតយ៉ាងកក្រើករដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសៅរ៍ ម្សិលមិញ បានកើនដល់១០៣នាក់ និង២៣៥នាក់ទៀត រងរបួសធ្ងន់-ស្រាល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ការវាយប្រហារបំផ្ទុះគ្រាប់បែកខាងលើនេះ ត្រូវបានប៉ូលិសទីក្រុងកាប៊ុលអះអាងថាគឺជាការបំផ្ទុះគ្រាប់បែកអត្តឃាតដោយ រថយន្តទៅលើតំបន់ទីប្រជុំជនមួយកន្លែង ស្ថិតនៅជិតអគារចាស់នៃក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន ដែលនៅមិនឆ្ងាយប៉ុន្មានពីការិយាល័យសហភាពអឺរ៉ុប និងក្រុមប្រឹក្សាសន្តិសុខ ជាន់ខ្ពស់ប្រចាំនៅប្រទេសអាស៊ីខាងត្បូងមួយនេះឡើយ។ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យនេះ បានប្រកាសកាន់ទុក្ខរយៈពេលមួយថ្ងៃដល់ជនរងគ្រោះ ស្របពេល ពិធីបុណ្យសពបានប្រព្រឹត្តទៅ ហើយមនុស្សជាច្រើនកំពុងស្វែងរកសាច់ញាតិ របស់ខ្លួនកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ។
គួរបញ្ជាក់ថា បើតាមមន្ត្រីអាហ្វហ្គានីស្ថានថា ក្រុមតាលីបង់បានចេញមុខទទួលខុសត្រូវលើការវាយប្រហារ បំផ្ទុះគ្រាប់បែកអត្តឃាតនេះ ដែលជាការវាយប្រហារសម្លាប់មនុស្សច្រើន បំផុតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីការវាយប្រហារបំផ្ទុះគ្រាប់មួយសម្លាប់មនុស្ស២២នាក់៕