(កាប៊ុល)៖ អាជ្ញាធរអហ្វហ្គានីស្ថាន បានប្រកាសពីការកាន់ទុក្ខរយៈពេលមួយថ្ងៃ ខណៈចំនួនមនុស្សស្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតយ៉ាងកក្រើក រដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសៅរ៍ ម្សិលមិញ ត្រូវបានគេជឿជាក់ថាកើនដល់ច្រើនជាង១០០នាក់ និង១៥៨នាក់ទៀត រងរបួសធ្ងន់-ស្រាល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០១៨។
ការបំផ្ទុះគ្រាប់បែកខាងលើនេះ ត្រូវបានប៉ូលិសទីក្រុងកាប៊ុលអះអាងថា ជាការបំផ្ទុះអត្តឃាតដោយរថយន្ត ទៅលើតំបន់ទីប្រជុំជនមួយកន្លែងស្ថិតនៅជិតអគារចាស់នៃក្រសួងមហាផ្ទៃ អាហ្វហ្គានីស្ថាន ដែលនៅមិនឆ្ងាយប៉ុន្មានពីការិយាល័យសហភាពអឺរ៉ុប និងក្រុមប្រឹក្សាសន្តិសុខជាន់ខ្ពស់ ប្រចាំនៅប្រទេសអាស៊ីខាងត្បូងមួយនេះឡើយ។ ចំណែកឯ រដ្ឋាភិបាល អាហ្វហ្គានីស្ថាន នៅថ្ងៃអាទិត្យនេះ បានប្រកាសកាន់ទុក្ខរយៈពេលមួយថ្ងៃដល់ជនរងគ្រោះ ស្របពេលពិធីបុណ្យសពបានប្រព្រឹត្តទៅ ហើយមនុស្សជាច្រើនកំពុងស្វែងរកសាច់ញាតិ របស់ខ្លួនកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ។
គួរបញ្ជាក់ថា បើតាមមន្ត្រីអាហ្វហ្គានីស្ថានថា ក្រុមតាលីបង់បានចេញមុខទទួលខុសត្រូវលើការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនេះ ដែលជាការវាយប្រហារសម្លាប់មនុស្សច្រើន បំផុតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីការវាយប្រហារបំផ្ទុះគ្រាប់មួយសម្លាប់មនុស្ស២២នាក់៕